អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរចំនួនជាង៧ម៉ឺននាក់បានទៅទស្សនាតាមតំបន់ការពារធម្មជាតិនានា
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១៧ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ យោងតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ភ្ញៀវទេសចរនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមកបាននាំចំណូលដល់សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារអាមេរិក។
សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀងនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់បានទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេចំនួនជិត២ម៉ឺននាក់ និងអាចរកចំណូលបានជិត១ម៉ឺនដុល្លារ។បន្ទាប់មកមានតំបន់ការពារធម្មជាតិបឹងយក្សឡោមនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោមក្នុងខេត្តរតនៈគីរីក៏បានទទួលអ្នកទេសចរជាតិ និងអន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបានជាង៤ពាន់ដុល្លារ។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិនានាផ្សេងទៀតសរុបចំនួន៥៣ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថានសរុបចំនួន១៩៣ ទូទាំងប្រទេសកម្ពុជាដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍តំបន់ការពារធម្មជាតិបានទាក់ទាញទេសចរមកសម្រាកកម្សាន្តបានចំនួន ៦៦៣ ២០៧ នាក់ក្នុងនោះទេសចរបរទេសមានចំនួន១២ ៥២០នាក់ និងបានផ្តល់ចំណូលដល់សហគមន៍បានចំនួន ៥២៥ ៣៥២ ដុល្លារអាមេរិក។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាបានលើកឡើងថា ថវិការបស់សហគមន៍តំបន់ការពារធម្មជាតិត្រូវគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ដែលបែងចែកសម្រាប់សកម្មភាពល្បាតរបស់សហគមន៍ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិចូលរួមសម្រាប់ជួយរៀបចំពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនថែមទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងបន្ថែមថា អ្នកទេសចរបានទៅកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិក៏ព្រោះតែប្រទេសជាតិ មានសុខសន្តិភាព រាជរដ្ឋាភិបាលបានអភិវឌ្ឍនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលធ្វើដំណើរបានដល់មូលដ្ឋាន និងដោយសារការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះបានល្អប្រសើរ និងបានជួយគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានឱកាស បានស្គាល់សម្បត្តិធម្មជាតិ ស្គាល់មាតុភូមិកម្ពុជា ស្រឡាញ់ព្រៃឈើ បណ្តុះគំនិត«បៃតង» ចូលរួមដាំដើមឈើឱ្យបានច្រើនជាពិសេសចូលរួមការពារព្រៃឈើ សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលកំពុងការពារយ៉ាងតឹងរ៉ឹងពីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសពីប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបន្ថែមថា កន្លងមក សហគមន៍តំបន់ការពារធម្មជាតិបានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយការទទួលខុសត្រូវដូចជាមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់កន្លែងលំហែបៃតង កន្លែងគយគន់ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណថែមទៀត។ អ្នកនាំពាក្យបានឱ្យដឹងផងដែរថា សហគមន៍តំបន់ការពារធម្មជាតិមានតួនាទីសំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបីឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាននាពេលកន្លងមកបានដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍លំហែបៃតងដោយយកចិត្តទុកដាក់ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍មានភាពស្អាត មានផ្តល់សេវាក្នុងតម្លៃសមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើដែលជួយបង្កើនចំណូលបន្ថែម តាមរយៈវិស័យអេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ។ ឯកឧត្តមបានលើកឡើងផងដែរថា ក្រសួងបរិស្ថានកន្លងមកបានបណ្តុះបណ្តាលឱ្យសហគមន៍ក្លាយជាម្ចាស់លើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ មានភាពស្អាត បៃតង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃសម្រាប់លក់ទៅទីផ្សារ និងបម្រើសេវាកម្មទេសចរណ៍ជាដើម៕