សម្តេចតេជោ ហ៊ុន សែន បានគិតជាច្រើនឆ្នាំមកហើយរឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមបន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានគិតជាច្រើនឆ្នាំមកហើយរឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមបន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា
ប៉ុន្តែជាអកុសលឪពុកសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារសម្តេចតេជោសម្រេចផ្អាកការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើងគឺម្តាយក្មេករបស់សម្តេចតេជោមានជំងឺ និងមរណភាពនៅឆ្នាំ២០២០ ក៏បានសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។
ឆ្នាំនេះភរិយារបស់សម្តេចបានលើករឿងកឋិនទានទៅវត្តខ្មែរក្រោមម្តងទៀត សម្តេចក៏បានឯកភាពគ្នាទាំងឪពុកម្តាយ និងកូន ដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោមដែលនឹងហែរទៅដល់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយា សម្តេចតេជោរួមជាមួយសម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។
សូមបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។
ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្ញុំព្រះករុណា និងភរិយាចូលរួមដោយផ្ទាល់។
ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយអាចចូលរួមបានទាំងអស់គ្នា។
សូមបងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេសព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ៕
ដកស្រង់ពី : Samdech Hun Sen Of Cambodia