រដ្ឋបាលខេត្តព្រៃវែងបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពិនិត្យ និងវាយតម្លៃនូវផែនការសកម្មភាពការងាររបស់មន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុកនៃខេត្តព្រៃវែង
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងដើម្បីពិនិត្យ និងស្វែងយល់ វាយតម្លៃ ពង្រឹងគុណភាពចំពោះលទ្ធផលការងាររបស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង-ស្រុកដែលបានអនុវត្តកន្លងមក។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដោយត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីលុបបំបាត់ឱ្យបានរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែងដែលបានអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើងបន្ថែមទៀតក្នុងការបំពេញតម្រូវការចាំបាច់របស់គាត់។
ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលរដ្ឋបាលខេត្តបានរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូកងដើម្បីអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីចេញព្រះវស្សានៅខេត្តព្រៃវែងដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងពិធីនោះ។
នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកងនោះដែររដ្ឋបាលខេត្តក៏បានរៀបចំជាផែនការសកម្មភាពរួចជាស្រេចដើម្បីធានាឱ្យបានដល់នូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូកងនោះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរក៏មានការប្រគំតន្ត្រី ដាក់ស្តង់តាំងពិព័រណ៍លក់ផលិតផលផ្សេងៗ និងបាញ់កាំជ្រួចសម្រាប់អបអរសាទរនូវព្រឹត្តិការណ៍បណ្ដាំងទូកងនោះផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះដែរមានការធ្វើបទអន្តរាគមន៍ស្តីពី៖
១- បទអន្តរាគមន៍ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង។
២- សេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ ស្តីពីការត្រៀមរៀបចំប្រណាំងទូក “ង“ក្នុងខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ខាងមុខនេះ។
៣- មតិចូលរួមរបស់សមាជិក-សមាជិកានៃអង្គប្រជុំ៕