ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវរួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្តក្នុងរាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវរួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមអម ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្តដែលស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងលោកជំទាវព្រមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារបរិស្ថានទាំងអស់ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធចំពោះជីដូនជីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅកាន់ទីសោយសុខឋានបរមសុខក្នុងឋានសុគតិភពកុំបីខានឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ ពុទ្ធបរិស័ទ ពុទ្ធសាសនិកខ្មែរយើងជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare