តើ​មាន​អាថ៌កំបាំង​អី​នៃ​រឿង​អ្នកឧកញ៉ា គិត ធាង ថៅកែ​ក្លឹប​រ៉ក់ “Rock Club” បងប្រុស​លោក​គិត​ម៉េង ដែល​ជា​ប់​ពន្ធា​គារ​៤​ឆ្នាំ តែ​ដេក​តែ​ក្នុង​មន្ទីរពេទ្យ​

រាជធានី​ភ្នំពេញ ៖ មហាជន​កំពុង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច ពាក់ព័ន្ធ សំខាន់​តុលាការ​ដែល​បាននិងកំពុង​បង្ហាញ​នូវ​និតិ​វិធី​ទន់ខ្សោយ​ឬ​ក៏​តាម​និតិ​វិធី​ក្រៅ ច្បាប់​នៅក្នុង​សង្គម​កម្ពុជា ខណ​:​ដែល​ឧកញ៉ា គិត ធាង ដែល​សមត្ថកិច្ច​កិច្ច​រកឃើញ​ជាប់​ពាក់ ព័ន្ធ​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​សម្បើម​នៅ​កម្ពុជា ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ ជាប់​ពន្ធនាគារ​តែ​៤​ឆ្នាំ ។​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ជនជាប់ចោទ​ឈ្មោះ គិត ធាង មិនទាន់​បាន​ចូល​ទៅ​អនុវត្ត​ច្បាប់​នៅ​ពន្ធនាគារ​នៅឡើយ​ទេ ។ តាម​ព័ត៌មាន​ទទួលបាន​ក្រៅ​ផ្លូវការ​បច្ចុប្បន្ន​នេះ​លោក​ឧកញ៉ា គិត ធាង ត្រូវបាន​គេ​ដឹងថា ស្ថិតនៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ធំ​មួយ​ដោយ​រស់​ក្នុង​ម៉ាស៊ីនត្រជាក់ ហូប​ស្រួល ដេក​ស្រួល ក្រោម​ហេតុផល​មាន​ជំងឺ​ថប់ដង្ហើម​និង​ជំងឺ​សួត​ធ្ងន់ធ្ងរ ។​

​ប៉ុន្តែ​គេ​ដឹងថា មុន​កើតមាន​ករណី​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​នោះ លោក​ឧកញ៉ា គិត ធាង មាន​សុខភាព​ល្អ​ធម្មតា ។ ដូច្នេះ​មហាជន​មើលឃើញ​ថា​ឧកញ៉ា គិត ធាង មាន​សំណាង​ជាង​អ្នកទោស​ដ៏ទៃទៀត សំខាន់​អ្នកទោស​គ្រឿងញៀន​ដូចគ្នា​ដែល​អ្នកទោស​ខ្លះ​គ្រាន់តែ​ជាប់​ពាក់ព័ន្ធ​ការជួញ​ដូរ​គ្រឿងញៀន​មួយកញ្ចប់ ឬ​ពីរ​កញ្ចប់​តូច​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​តុលាការ ហើយ​រុញ​បញ្ចូល​គុក​ដែរ​។​

​សូមជម្រាបថា លោក​ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក “Club Rock”​ត្រូវបាន​តុលា ការផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ក្រោម​បទ​ល្មើស​ចាត់ចែង​សម្រួល​ឲ្យមាន​ការប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​បទ​សមគំនិត​។ ពាក់ព័ន្ធ​សំណុំរឿង​ខាងលើ​នេះ​ដែរ​ក៏​មាន​មនុស្ស​យ៉ាង​តិច​២៤​នាក់​ផ្សេង​ទៀត​ត្រូវបាន​តុលាការ​ផ្ទន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ពី​មួយ​ឆ្នាំ​ដល់​៤​ឆ្នាំ​ផង​ដែរ ។​

​ដោយឡែក​មនុស្ស ២​នាក់​ត្រូវបាន​លើកលែងទោស ។ ចំពោះ​ករណី​លោក​ឧកញ៉ា គិត ធាង ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រហូតដល់ ៥០​គីឡូក្រាម ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​តែ​៤​ឆ្នាំ​នោះ ក៏​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង ចាស់ដៃ​ផងដែរ ព្រោះថា កំរិត​នៃ​ការផ្តន្ទាទោស​នោះ​តិចតួច​ខ្លាំងណាស់ បើ​ប្រៀបធៀប​ជន ល្មើស​គ្រឿងញៀន​ដទៃទៀត ។​

​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​មហាជន​រិះគន់​ខ្លាំង​មែនទែននោះ​គឺ​ក្រោយ​ការផ្តន្ទាទោស​លោក ឧកញ៉ា គិត ធាង មិន​បាន​ចូល​ពន្ធនាគារ ដើម្បី​អនុវត្ត​ទោស​នោះឡើយ ហើយ​បែរជា​សម្រាក នៅ​មន្ទីរពេទ្យ​មាន​ម៉ាស៊ីន​ត្រូវ​ជាក់ ហូប​ស្រួល ដេក​ស្រួល​ទៅវិញ​ក្រោមលេស​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ ករណី​ដូច​គ្នា​នេះ​ក៏​ត្រូវបាន​គេ​ប្រទះ​ឃើញ​ដូចគ្នា​សម្រាប់​អ្នកមាន​លុយ​មាន​អំណាច​មួយចំនួន​ដែល តែងតែ​រក​លេស​មាន​ជំងឺ​ចូល​សម្រាក​ពេទ្យ​គេចវេស​ពី​ការ​ដេក​ក្នុង​ពន្ធនាគារ ។​

​គួរ​រម្លឹក​ឡើងវិញ​ថា លោក​ឧកញ៉ា គិត ធាង ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​នាំខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រលប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ពី​ភូមិគ្រឹះ​របស់​លោក ស្ថិតនៅ​ផ្លូវ​លេខ​២៨៩ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។ ការ​នាំខ្លួន​លោក​ឧកញ៉ា គិត ធាង ម្ចាស់​ទីតាំង​អតីត​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​”Club Rock”​ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ​បាន ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​រូបនេះ​ដាក់​ពន្ធនាគារ​ជា បណ្តោះអាសន្ន​ហើយ ពីបទ សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ចែងថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare