ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។
ទស្សនកិច្ចការងារនេះ មានការអញ្ជើញចូលរួមពីលោកជំទាវជាអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ មួយចំនួនទៀតរួមមាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។
សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះគឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជាជាមួយក្រសួងសន្តិសុខសាធារណៈចិន។ នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ ជាមួយឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន៕