ឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងករណីបាញ់គ្នានៅក្រុងព្រះសីហនុ
(ក្រុងព្រះសីហនុ)៖ កាលពីវេលាម៉ោង ២២ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យមនុស្សចំនួន៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។
កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២យប់ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចសណ្ឋាគារមួយកន្លែង ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន១ដើម។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ZHANG TAO ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរបោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីនេះកើតឡើងដោយសារភាគីទាំង២ បានឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សារហូតដល់ផ្ទុះអាវុធកើតឡើង។ ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកំពុងធ្វើការសាកសួរតាមនីតិវិធី៕