រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជាបញ្ហារួមរបស់តំបន់

រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិកចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ។

ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ”កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិកនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ពិធីនេះមានការចូលរួមពីបណ្តាលប្រទេសសមាជិក១៩ផ្សេងគ្នា និងមានអ្នកចូលរួមប្រមាណ៦០រូប។

នៅក្នុងសុន្ទរកថាបិទ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូដែលអញ្ជើញចូលរួម ពីគំនិតផ្តួចផ្តើមរបស់កម្ពុជាអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិកចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គណៈប្រតិភូទាំងអស់បានបង្ហាញនូវជំហរគាំទ្រ និងសាទរចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជាលើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយឯកឧត្តមរដ្ឋមន្រ្តី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ។ បន្ថែមលើនេះ ក្រសួងព័ត៌មានក៏បាននឹងកំពុងរៀបចំយុទ្ធនាការទូទាំងប្រទេសក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះនឹងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ២០២៤ ដោយឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រ និងការចូលរួមពីសមាជិកទាំងអស់ យើងនឹងអាចសម្រេចគោលដៅរួមក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយពីតំបន់របស់យើង។ គួរបញ្ជាក់ថានៅក្នុងមួយឆ្នាំ២០២៣ កន្លងទៅ ព័ត៌មានក្លែងក្លាយជាង ៣០០០ ត្រូវបានកត់ត្រាទុកដែលភាគច្រើនពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបំភ្លៃការពិតដើម្បីញុះញង់និងបង្កើតឱ្យមានការភ័ន្តច្រឡំ និងបង្កធ្វើឱ្យសង្គមចលាចលផ្សេងៗដើម្បីក្រុមជ្រុលនិយមប្រើប្រាស់ជាលេសឈានដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយមិនប្រជាធិបតេយ្យ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare