ប្រជាពលរដ្ឋបន្ដឆ្លងដែនខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ
(ខេត្តបាត់ដំបង)៖ ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាពដែលពលរដ្ឋខែ្មរធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនឹងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថាមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះគឺជាប់នឹងប៉ុស្តិ៍យាមរបស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ។
បើតាមប្រភពបានឱ្យដឹងថា របៀងខាងលើនេះ គឺមើលការខុសត្រូវដោយលោកវរសេនីយ៍ឯក ពៅ មុន្នីជាតិ ប្រធាននគរបាលអន្តោប្រវេសន៍ និងលោក តេង ចាន់ភារម្យ ប្រធានច្រកទ្វារ អន្តរជាតិគីឡូ១៣(ភ្នំដី)។ ជុំវិញករណីមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលតាមរយៈ ទីតាំងទទួលផ្ញើម៉ូតូខាងលើនោះ តើលោក ទាំងពីរបានជ្រាបដែរឬទេ? ឬក៏ទីតាំងទទួលផ្ញើម៉ូតូឱ្យពលរដ្ឋឆ្លងដែនខុសច្បាប់បានរៀបចំដង្វាយ សែនព្រេន អារុក្ខអារៈ ម្ចាស់ទឹកម្ចាស់ដី បានសើមមាត់សើមក៏អស់ហើយទើបបានជាមិនមានសកម្មភាពទប់ស្កាត់ និងបង្ក្រាបទៅវិញ។
ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរ ឆ្លងដែនទៅប្រទេសថៃដោយពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬស្របតាមនីតិវិធីច្បាប់ គឺផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។ ម្យ៉ាងវិញទៀតទីតាំងផ្ញើម៉ូតូខាងលើនេះកំពុងធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលប្រទេសថៃគឺកំពុងតែបំពានច្បាប់ហើយ៕
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីម្ចាសទីតាំង និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ!