ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ
កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានាការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូតបារាំងប្រចាំកម្ពុជា និងនៅខេត្តព្រះសីហនុនាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារសំខាន់នៃការការពារបរិស្ថាន និងជីវចម្រុះសមុទ្រ ដោយបានស្វាគមន៍កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូពាក់ព័ន្ធដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការក្នុងការថែទាំសុខភាពសមុទ្រ។ វាច្បាស់ណាស់ថា ការបំពុលដោយសំណល់សំរាម ប្លាស្ទិកកើតឡើងដោយការមិនទាន់បានទុកដាក់សំរាមបានល្អដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាតួនាទីរួមរបស់យើងរបស់ប្រទេសទាំងអស់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមានសសរស្ដម្ភបី នោះគឺភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចំពោះភាពស្អាត កម្ពុជាក្នុងរយៈពេល១១ ខែកន្លងមកនេះ យើងបានចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះមិនត្រឹមតែជាជំហានមួយហួសពីការពង្រីកការប្តេជ្ញាចិត្ត និងថែមទាំងបានអនុវត្តការងារនានាដើម្បីធានាថាកម្ពុជាស្អាត។ យើងដឹងហើយថា ការចោលសំរាមក្នុងសមុទ្រជាបញ្ហាមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេប៉ុន្តែនៅទូទាំងពិភពលោកប៉ុន្តែយើងធ្វើការឆ្ពោះទៅរកការកាត់បន្ថយ ឬបើអាចលុបបំបាត់ការចោលសំរាមតាមសមុទ្រនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យើងទទួលបានមនុស្សចូលរួមពីមនុស្សជាង ៨លាននាក់ ឱ្យចូលរួមក្នុងយុទ្ធនាការដែលខ្ញុំហៅថាគ្រាន់តែជាយុទ្ធនាការប្តេជ្ញាចិត្ត។ យើងបានចាប់ផ្តើមយុទ្ធនាការទីពីរដែលមានឈ្មោះថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតដល់ពេលនេះ យើងទទួលបានឃុំ សង្កាត់ ចំនួនជាង ៦០០ ក្នុងចំណោមឃុំចំនួន ១៦៥២ ដែលបានចូលរួមត្រឹមតែពីរខែប៉ុណ្ណោះ។ ក្រឡេកទៅមើលស្ថិតិ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកបានចំនួន ៧៤,១% ក្នុងរយៈពេល ១១ខែកន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ ប្រសិនជាបើគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះ ប្រមាណពាក់កណ្ដាលអាចនឹងប៉ះពាល់ដល់បរិស្ថានអាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា។ ស្ថិតិរបស់អង្គការសហប្រជាជាតិបានចេញផ្សាយកន្លងមកបានបង្ហាញថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនប្លាស្ទិកនឹងមានច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ៕