សកម្មជនបំផ្លាញព្រៃឈេីបាននឹងកំពុងសម្រុកដឹកជញ្ជូនធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងសកម្មតាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល
(ខេត្តក្រចេះ)៖ ប្រភពពីប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកថា លោកថៃគា មេសកម្មជន រកសុីដឹងធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងសកម្ម។ ពេលបានទទួលដំណឹងនេះហើយ នៅថ្ងៃចន្ទ ទី០៨ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ០៦:៣០នាទីមានរថយន្តខ្នាតយក្សពីរគ្រឿងបានដឹកធ្យូងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះពិតប្រាកដមែន ពេលដែលបានឃើញការដឹកជញ្ជូននេះហើយ អ្នកសារព័ត៌មានយើងបានថតផ្តិតយករូបភាពមកធ្វើការចុះផ្សាយដើម្បីជូនដំណឹងដលថ្នាក់ដឹកនាំឱ្យលោកបានជ្រាប។
ប្រជាពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមានចម្ងល់លើកឡើងថា ការដែលដឹកជញ្ជូនធ្យូងរបស់លោកថៃគានេះ មានការឆ្លងកាត់ប៉ុស្តិ៍ និងមន្ទីរពាក់ព័ន្ធជាច្រើនចុះហេតុអ្វីបានជាលោកថៃគាដឹកធ្យូងយកទៅលក់នៅក្រៅប្រទេសបានយ៉ាងរលូនបែបនេះ? ចំណែកលោក អៀម សុខលីម មេប៉ុស្តិ៍ជាយឃ្លាំងក៏មិនមានធ្វើការទប់ស្កាត់ដែរបណ្តោយឱ្យក្រុមមេសកម្មជនដឹកចេញយ៉ាងសកម្មទាំងថ្ងៃទាំងយប់បើតាមប្រភពពីពលរដ្ឋម្នាក់ទៀតនិយាយប្រាប់មកអង្គភាពសារព័ត៌មានយើងបានដឹងបន្ថែមថា ការដែលដឹកបានយ៉ាងរលូននេះគឺមានឈ្មោះចែមុំគាត់បានរត់ការ និងត្រួសត្រាយផ្លូវរួចរាល់អស់ហើយ។
ពលរដ្ឋបន្តថា ការដែលកើតចេញជាធ្យូងទាំងនេះ គឺកើតចេញពីការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធម្មជាតិយកមកដាក់ឡដុត ទើបចេញជាធ្យូងបាន ដូចនេះហើយពលរដ្ឋស្នើសុំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាមានវិធានការទប់ស្កាត់ផងទាន បើបណ្តោយបែបនេះ ធនធានធម្មជាតិត្រូវរលាយដោយសារតែកាប់យកមកដុតធ្វើជាធ្យូងនេះមិនខាន៕
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា។