ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់នៅក្នុងស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យនៅតែបន្ដបើកលេងយ៉ាងគគ្រឹកគគ្រេងធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ
(ខេត្តឧត្តរមានជ័យ)៖ ទោះបីកន្លងមកប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់យ៉ាងណាក៏ដោយក៏នៅក្នុងមូលដ្ឋានមួយចំនួននៅតែមានល្បែងស៊ីសងដដែលជាពិសេសនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនេះតែម្តង។
បើយោងតាមប្រភពពលរដ្ឋបានរាយការណ៍មកថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាប ហ៊ានផ្គើននឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្ដែងនៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានយើងបានចុះទៅយកព័ត៏មានដោយផ្ទាល់នូវតាមទីតាំង តាមសេចក្ដីរាយការណ៍របស់ពលរដ្ឋឃើញមានទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងនៅផ្ទះដែលមានម្ចាស់ឈ្មោះ រិទ្ធ ហាងលក់កាហ្វេ វឌ្ឍនាកាហ្វេមណ្ឌលគិរី នៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
តើករណីល្បែងស៊ីសងខាងលើសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹងដែរឬទេ? សង្ឃឹមថាបន្ទាប់ពីមានការចេញផ្សាយពីរសំណាក់សារព័ត៌មានហើយលោកនាយប៉ុស្តិ៍ត្រពាំងប្រាសាទ និងលោកអធិការស្រុកត្រពាំងប្រាសាទនឹងចាត់វិធានការបង្ក្រាបដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្បែងស៊ីសងឱ្យត្រូវនឹងច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច៕