
គណបក្សប្រជាជនកម្ពុជាបានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន
(ខេត្តប៉ៃលិន)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិនបានអញ្ជើញដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន។
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះបានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន, លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់, លោក លោកស្រី ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង/ស្រុក , យុវជនគណបក្ស, សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះជាច្រើនរូបផងដែរ។
ក្រៅពីការថ្លែងអំណរគុណចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិនបានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមរបស់សមាជិក សមាជិកាបក្សនាពេលនេះមិនគ្រាន់តែបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គី និងឯកភាពផ្ទៃក្នុងបក្សដ៏រឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីទឹកចិត្ត ឆន្ទះ ក្តីស្រលាញ់ គាំទ្រ និងជឿជាក់មកលើគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សហើយបើមិនមានការចូលរួម និងគាំទ្ររបស់សមាជិកបក្ស និងប្រជាពលរដ្ឋទេ គណបក្សប្រជាជនកម្ពុជាក៏មិនអាចឈរជើង និងដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះបានដែរ។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជាក្នុងការដឹកនាំសង្គមជាតិឱ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍឆ្ពោះទៅរកអនាគតដ៏រុងរឿងដូច្នេះយើងទាំងអស់គ្នា ក្នុងនាមជាមន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព ថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
មានប្រសាសន៍លើកឡើងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិនក៏បាននាំមកនូវការសាកសួរសុខទុក្ខ និងក្តីនឹករឭកពីសម្តេចប្រមុខទាំង៣ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សជូនដល់មន្រ្តី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នៅទូទាំងខេត្តប៉ៃលិន។
ឯកឧត្តមប្រធានក្រុមការងារបានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំង៣ ជាប្រមុខបានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ ជាពិសេសសមិទ្ធផលថ្មីៗជាច្រើនអនេករួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គីសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ ចំណែករាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឱ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបគ្រប់មូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ សូមថែរក្សាសុខភាពឱ្យបានល្អ ហាមពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងត្រៀមលក្ខណៈទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កានៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតនៅទូទាំងប្រទេសមាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិនគឺមានក្រុង/ស្រុក ចំនួន ២ ឃុំ/សង្កាត់ ចំនួន ៨, ការិយាល័យបោះឆ្នោតចំនួន ២ និងមានអង្គបោះឆ្នោតសរុបចំនួន ៥២នាក់ ស្រី ១៦នាក់ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់ និងមានអសនៈក្រុមប្រឹក្សាខេត្តចំនួន ១៥ ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុមប្រឹក្សាស្រុកសាលាក្រៅ ១៥៕