បង្ក្រាបជនបរទេសរាប់សិបនាក់នៅអគារកាស៊ីណូជិនបុី៤ ក្រោយមានសេចក្តីរាយការណ៍ថា មានការផ្ទុះអាវុធ និងមានមនុស្សស្លាប់គឺជាករណីជម្លោះរវាងជនជាតិឥណ្ឌាគ្នាឯងដែលចង់ផ្លាស់ប្ដូរកន្លែងធ្វើការថ្មី
(ខេត្តព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញដែលបានចុះទៅបង្ក្រាបជនបរទេសរាប់សិបនាក់នៅអគារកាស៊ីណូជិនបុី៤ ក្រោយមានសេចក្តីរាយការណ៍ថា មានការផ្ទុះអាវុធ និងមានមនុស្សស្លាប់គឺជាករណីជម្លោះរវាងជនជាតិឥណ្ឌាគ្នាឯងដែលចង់ផ្លាស់ប្ដូរកន្លែងធ្វើការថ្មី។
ករណីនេះស្ថិតក្នុងការបន្តនីតិវិធីស៊ើបអង្កេតនៅឡើយដូច្នេះសមត្ថកិច្ចមិនទាន់អាចប្រាប់លម្អិតបានទេប៉ុន្តែចំពោះហេតុការណ៍ដែលបានកើតឡើងនៅអគារជិនបុី៤ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៤ គឺអាចប្រាប់ជាបឋមថា ជាករណីជម្លោះរវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាគ្នាឯង និងមិនមានការផ្ទុះអាវុធ ឬមានមនុស្សស្លាប់ដូចការចែកចាយសារសំឡេងក្នុងគ្រុបតេឡេក្រាមឡើយ។ បើតាមការស៊ើបអង្កេតបឋមជម្លោះនេះបណ្តាលមកពីពួកគេ (បុគ្គលិកឥណ្ឌា) មួយចំនួនមិនចង់ធ្វើការនៅកន្លែងនេះទើបផ្តើមឱ្យមានការតវ៉ារបស់ជនជាតិឥណ្ឌាមួយចំនួនចង់ចាកចេញទៅរកកន្លែងធ្វើការថ្មីប៉ុណ្ណោះ។
សូមរំឭកថា កាលពីក្បាលព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរាយការណ៍ថា មានករណីផ្ទុះអាវុធបាញ់រះនៅទីតាំងកាសុីណូមួយកន្លែងបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់។ ភ្លាមៗ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចស្រាវជ្រាវ ឡោមព័ទ្ធទីតាំងកាសុីណូឈ្មោះជិនបុី៤ និងប្រមូលបានជនបរទេសជាច្រើននាក់យកទៅសួរនាំ។ ភ្លាមៗសមត្ថកិច្ចបញ្ជាក់ថា «ករណីនេះពុំមានផ្ទុះអាវុធ ឬមានមនុស្សស្លាប់ និងរងរបួសដូចអ្វីដែលជាសារសំឡេងប្រជាពលរដ្ឋរាយការណ៍ និងផ្ញើសារតៗគ្នាក្នុងគ្រុបតេឡេក្រាមទេ។ ពួកគេគ្រាន់តែមានរឿងបញ្ហាការងារក្នុងក្រុមហ៊ុនប៉ុណ្ណោះ»។ សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នជនបរទេសខាងលើកំពុងឃាត់ខ្លួនទុកនៅស្នងការនគរបាលខេត្តព្រះសីហនុរង់ចាំធ្វើការសួរជាបន្តទៀត។
គួរបញ្ជាក់ផងដែរថា អគារជីងប៉ី៤ ហៅអគារខ្មៅធ្លាប់មានអតីតបុគ្គលិកបម្រើការងារនៅទីនោះបង្ហើបប្រាប់ឱ្យដឹងថា ទីតាំងខាងលើជាអគារបណ្តុំអាជីវកម្មជាច្រើនបង្កប់នៅខាងក្នុងដែលរួមមាន៖ «កាស៊ីណូសម្រាប់មនុស្សលេងផ្ទាល់ កាស៊ីណូអនឡាញ ហាងលក់ទំនិញ ហាងផឹកស៊ី ឌីស្កូថេក សណ្ឋាគារលំដាប់ផ្កាយ សេវាកម្មជួញដូរផ្លូវភេទ ហាងម៉ាស្សា អាហារដ្ឋាន ។ល។» ជាមួយគ្នានោះ អគារមួយនេះក៏មានការបង្ខាំងមនុស្សចម្រុះជាតិសាសន៍បង្ខំឱ្យធ្វើការលើសកម្រិតផងដែរកាលពីអំឡុងឆ្នាំ២០២២។ ដោយសារតែ អគារជីងប៉ី៤ ជាទីកន្លែងបណ្តុំអាជីវកម្មចម្រុះទើបមានថៅកែធំៗមកពីបរទេសបណ្តាក់ទុនរកស៊ីជាច្រើនរួមមាន៖ ជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និងថៅកែមកពីវៀតណាម នាំគ្នាមកបើកអាជីវកម្មក្នុងអគារជីងប៉ី៤ ដោយមានទាំងស្របច្បាប់ និងខុសច្បាប់។ ចំពោះបុគ្គលិកបម្រើការងារនៅក្នុងអគារនោះវិញក៏មានចម្រុះជាតិសាសន៍ដូចគ្នានឹងថៅកែទាំងអស់នោះដែរដែលរួមមាន៖ ជនជាតិខ្មែរ ចិន វៀតណាម ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា និងម៉ាឡេស៊ីជាដើម។ ពួកគេទាំងនោះមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅអគារទេហើយបើមានតម្រូវការចង់ទិញអីវ៉ាន់ប្រើប្រាស់ពីខាងក្រៅគឺត្រូវបញ្ជាទិញតាមក្រុមម៉ូតូដឹកជញ្ជូនចល័ត ហើយត្រូវយកមកទុកនៅកន្លែងឆ្មាំចាំយាមច្រកទ្វារចេញ-ចូល ទើបឆ្មាំកំណត់ឈ្មោះអ្នកដែលបញ្ជាទិញឱ្យចុះមកទទួលយកបន្ត។ ចំណែកជនជាតិចិន ឬជនបរទេសផ្សេងទៀតដែលជាអតិថិជនចូលទៅលេងកម្សាន្តនៅក្នុងអគារជីងប៉ី៤ នោះវិញក៏ត្រូវឆ្មាំការពារនៅមាត់ទ្វារត្រួតពិនិត្យទាំងពេលចេញ និងពេលចូលពុំនោះទេឆ្មាំការពារនឹងមិនអនុញ្ញាតឱ្យចូលទៅខាងក្នុងឡើយពោលគឺលើកលែងតែភ្ញៀវលំដាប់ VIP ដែលរាល់ពេលចេញ-ចូល មានរថយន្តក្រុមហ៊ុនដឹកជញ្ជូនទៅមកទើបគ្មានការត្រួតពិនិត្យលម្អិត។
ប្រភពខាងលើបន្តថា ចំពោះបុគ្គលិកបម្រើការងារផ្នែកកាស៊ីណូអនឡាញវិញគឺថៅកែឱ្យរស់នៅក្នុងកន្លែងធ្វើការនៃអគារនោះផ្ទាល់តែម្ដង។ ពួកគេត្រូវបានថៅកែបង្ខាំងមិនឱ្យចេញក្រៅ គ្មានសេរីភាព គ្មានការតវ៉ា និងធ្វើការងារលើសកំណត់ បើមានគម្រោងចង់ឈប់គឺត្រូវធ្វើការយ៉ាងតិចបំផុតក៏១ឆ្នាំដែរ ឬក៏ត្រូវគេផ្ទេរយកទៅធ្វើការនៅកន្លែងផ្សេងក៏មាន។ កន្លងមក មានបុគ្គលិកខ្មែរខ្លះបានកុហកទៅអ្នកគ្រប់គ្រងរបស់ខ្លួនដោយក្លែងថា គ្រួសារមានធុរៈបន្ទាន់ដូចជា បងប្អូនស្លាប់ ឬមានករណីអ្វីពិសេសទើបពួកគេឱ្យឈប់ទៅស្រុកកំណើត (សម្រាប់បុគ្គលិកខ្មែរ) តែប្រាក់ខែត្រូវថៅកែដកអស់មួយចំនួនដើម្បីឱ្យបុគ្គលិករូបនោះត្រឡប់មកវិញ។ ប៉ុន្តែបើចំពោះជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬជនបរទេសផ្សេងទៀតជាបុគ្គលិកដូចជនជាតិខ្មែរដែរ គឺកម្រនឹងឃើញចេញក្រៅបានណាស់។ ដូច្នេះ ករណីក្រុមបុគ្គលិកឥណ្ឌាឈ្លោះគ្នាតវ៉ាចង់ចេញទៅធ្វើការនៅកន្លែងផ្សេងនេះអាចជាករណីបង្ខំឱ្យពួកគេធ្វើការហួសកម្រិតដូចករណីកន្លងមកក៏អាចថាបាន៕