ព្រះសង្ឃ​រួមនិងពុទ្ធបរិស័ទទូទាំងខេត្តព្រៃវែងបានប្រារព្ធពិធីដង្ហែបុណ្យវិសាខបូជា​ដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ ព្រះសង្ឃរួមជាមួយនឹងប្រជាពុទ្ធបរិស័ទក្មេង ចាស់ ប្រុស ស្រី បានរៀបចំពិធីដង្ហែនៅបុណ្យវិសាខបូជាដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។

ព្រះខេមរញាណ​ ភី​ យ៉ា​ ព្រះអនុគណក្រុងព្រៃវែង​បានមានថេរៈដីកាថា ពិធីបុណ្យវិសាខបូជានេះប្រារព្ធឡើងដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធដោយហេតុ ៣ ប្រការ៖
១- ទ្រង់ប្រសូត្រចាកព្រះឧទរព្រះវរមាតា។
ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ ៨០ឆ្នាំ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្សចន្លោះនគរទាំងពីរគឺកបិលពស្តុ និងទេវទហៈ ។
២- ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ។ ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ ៤៥ ឆ្នាំ ក្នុងព្រះជន្ម ៣៥ វស្សា។
៣- ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន។ ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែក បច្ចូសសម័យ ជិតភ្លឺ មុនពុទ្ធសករាជ ១ថ្ងៃ ក្នុងព្រះជន្ម ៨០ ព្រះវស្សាគត់ចន្លោះសាលព្រឹក្សទាំងគូក្នុងក្រុងកុសិនារា ។

ព្រះខេមរញាណ​ ភី​ យ៉ា​ ព្រះអនុគណក្រុងព្រៃវែង​មានថេរៈដីកាបន្តថា ព្រះបរមសាស្រ្តាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែវិសាខទាំងអស់ប្លែកគ្នាតែទីកន្លែង ថ្ងៃ និងឆ្នាំប៉ុណ្ណោះ  ។

បុណ្យវិសាខបូជាជាបុណ្យមួយដ៏ធំក្នុងព្រះពុទ្ធសាសនាដោយប្រជាពុទ្ធបរិស័ទបាននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃបូជាទានធូបការភ្ញី សម្រាប់ជាការនឹករលឹកដឹងគុណដ៏ធំធេងនៃព្រះសម្មាសម្ពុទ្ធ បរមគ្រូ និងបាននូវចំណែកបុណ្យកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងថ្ងៃវិសាខបូជានេះផងដើម្បីរលាស់ខ្លួនឱ្យរួចចាកទុក្ខទោសទាំងពួងនោះផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare