អន្តរជាតិនាំគ្នាសម្តែងការចូលរួមរំលែកទុក្ខ មរណភាពប្រធានាធិបតីអ៊ីរ៉ង់ក្រោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

(បរទេស)៖ សហគមន៍អន្តរជាតិរួមមានទាំងប៉ាគីស្ថាន ឥណ្ឌា ម៉ាឡេស៊ី ស៊ីរី តួកគី ចិន រុស្ស៊ី ព្រមទាំងសហភាពអឺរ៉ុបជាដើមបាននាំគ្នា សម្តែងការចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ដែលបានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលដំណឹងមរណភាពលោក Raisi នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានប្រកាសឱ្យប្រទេសរបស់លោកកាន់ទុក្ខរយៈពេល១ថ្ងៃ ខណៈមេដឹកនាំប្រទេសដទៃទៀតបានចូលរួមសម្តែងទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅ។ បន្ថែមពីនេះ ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុម Hezbollah លីបង់ ដែលគេដឹងថាសុទ្ធតែជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏បានចេញមុខបង្ហាញភាពសោកសៅ និងការសោកស្តាយចំពោះការបាត់បង់លោក Raisi ផងដែរ។

គួរបញ្ជាក់ថា លោក Raisi និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានទទួលមរណភាព បន្ទាប់ពីឧទ្ធម្ភាគចក្រដែលអ្នកទាំងពីរជិះធ្វើដំណើររួមគ្នាបានធ្លាក់នៅពេលហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយដែលស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយ អាស៊ែបៃហ្សង់។ លោក Raisi និងលោក Amir-Abdollahian បានឡើងកាន់តំណែងជាប្រធានាធិបតី និងជារដ្ឋមន្រ្តីការបរទេស កាលពីឆ្នាំ២០២១។ តាមច្បាប់អ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីតែត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចគ្រប់រឿង នៅសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ចំណែកការបោះឆ្នោតសកលថ្មីមួយនឹងត្រូវរៀបចំឡើងមិនឱ្យលើស៥០ថ្ងៃនោះទេ។ អនុប្រធានាធិបតីទី១របស់អ៊ីរ៉ង់សព្វថ្ងៃ គឺលោក Mohammad Mokhber៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare