ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានត្រូវបានប្រគល់ជូនលោកមេភូមិត្រពាំងឈូកទុកអនុវត្ត និងផ្សព្វផ្សាយ
(ខេត្តក្រចេះ)៖ ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាប្រគល់ជូនលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឱ្យបានជ្រាប។
ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និងផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន ០៣កន្លែង ស្មើនឹង២០ស្លឹកនៅតាមទីសាធារណៈផងដែរ។
សាធារណៈជនរងចាំមើល តើក្រោយពីក្រសួងបរិស្ថានបានប្រគល់ផែនទី ១១១ ផ្ទាំងកាលពីថ្ងៃទី០៨ ខែឧសភាទៅខេត្ត-ក្រុងទូទាំងប្រទេស អនុវត្តបានប្រសិទ្ធភាពដែរឬទេ? ដោយឡែកអាជ្ញាធរខេត្តក្រចេះមានវិធានការយ៉ាងណាដើម្បីប្រមូលដីតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋមកជូនរដ្ឋវិញ?
គូសបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ ក្រសួងបរិស្ថានរួមជាមួយថ្នាក់ដឹកនាំស្ថាប័ននានាក៏ដូចជាថ្នាក់ក្រោមជាតិបានអនុវត្តនូវវិធានការតាមតំបន់ការពារធនធានធម្មជាតិ ដូចបានឃេីញនៅតំបន់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង រួចមកហើយយ៉ាងណាមិញរដ្ឋបាលខេត្តក្រចេះក៏បានចេញលិខិតជូនដំណឹងលេខ ១៦៩/២៤ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ស្ដីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានយកធ្វេីជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិស្ថិតក្នុងភូមិសាស្ដ្រខេត្ដក្រចេះ។