សំណាញ់ច្បាប់មិនលើកលែងជនណាទេ! បុរសថ្លើមធំម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោសហើយ

(កំពង់ធំ)៖ តុលាការខេត្តកំពង់ធំ នៅថ្ងៃច័ន្ទ ទី ០៦ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចផ្តន្ទាទោសជនល្មើសកាប់រានទន្ទ្រានព្រៃឈើមួយរូបឈ្មោះ សួត សែត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្មោញ ឃុំស្មោញ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាមួយនឹងរណាយន្តត្រង់សឺន័រចំនួន ១គ្រឿង ក្រោយកម្លាំងការិយាល័យដែនជម្រកសត្វព្រៃបឹងពែរចាប់បាន និងចោទប្រកាន់ ។

សួត សែត ចាប់បាននៅថ្ងៃទី០៥ ខែឧសភា ក្នុងពេលក្រុមឧទ្យានុរក្សចុះល្បាតនៅចំណុច UTM484321-1463786 ក្បាលអីរល្អក់ 486807-1465170 សូមសាង486814-1463374 ក្បាលពើង (486244-1462384)(484895-1461722) ពើក483646-1460618 ខាងត្បូងជាំក្របី (482007-1462538)(481457-1462071) ដែលជននេះបម្រុងដាំដើមដំឡូង ៥.០០០ ដើមក្នុងចម្ការដែលបានកាប់រានទន្ទ្រានព្រៃធ្វើជាកម្មសិទ្ធិ ។

បច្ចុប្បន្ន ក្រឡេកឃើញវាលព្រៃគួរឱ្យក្តុកក្តួលសង្រែងចិត្តក្នុងពេលទំហំព្រៃឈើការពារធម្មជាតិនៅក្បែរនៅមូលដ្ឋានពលរដ្ឋរស់នៅ ត្រូវបានកាប់គាស់ទន្ទ្រានដុតព្រៃយកដីធ្វើកម្មសិទ្ធិអស់មួយផ្នែកធំ នៅសេសសល់តែព្រៃឈើមិនទាន់គ្រប់អាយុតិចតួចក៏គេលួចអារធ្វើអាជីវកម្មបែបអនាធិបតេយ្យដែលអ្នកខ្លះស៊ីឈ្នួលកាប់អាររំលំ អ្នកខ្លះទៀតកាប់គាស់យកដីធ្វើចម្ការជាកម្មសិទ្ធិផ្ទាល់តែម្តង និងខ្លះទៀតប្រើឥទ្ធិពលអ្នកធំនៅពីក្រោយជាដើម ដែលបង្កប៉ះពាល់ដល់ផ្លូវចិត្តពលរដ្ឋ និងជីវភាពរស់នៅរបស់ពលរដ្ឋសហគមន៍ធ្ងន់ធ្ងរ ។

វិធីម្យ៉ាង គឺប្រជាសហគមន៍រួមសហការជាមួយកម្លាំងការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន និងត្រូវហ៊ានរាយការណ៍មក​សមត្ថកិច្ច​ជាបន្ទាន់ក្នុងពេលឃើញបទល្មើសបំផ្លាញផ្សេងៗ។ ការធ្វើបែបនេះគឺដើម្បីផលប្រយោជន៍សហគមន៍ផង ដើម្បីរក្សាព្រៃជម្រកសត្វ និងជីវចម្រុះរបស់យើងផង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare