រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ”

(ប៉ៃលិន)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ក្នុងគោលបំណងដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” ជាពិសេសស្របពេលដែលប្រទេសជាតិយើងបាននឹងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះវិស័យវប្បធម៌ ក៏ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូប។

បើតាមរបាយការណ៍ស្វាគមន៍របស់ ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺមានគោលបំណងផ្សព្វផ្សាយ ជំរុញការផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេសក៏ដូចជាជួយក្រើនរំលឹក និងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋជាពិសេសយុវជន និងយុវនារីដែលជាទំពាំងស្នងឬស្សីឱ្យមានកាតព្វកិច្ចក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិឱ្យបានគង់វង្ស និងស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ហើយការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ដែលជាធនធានប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសទទួលបាននូវប្រភពចំណូលមួយកម្រិតទៀត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យវប្បធម៌នៅតែជាបញ្ហាដែលត្រូវខិតខំដោះស្រាយយ៉ាងសកម្មបំផុត និងគ្មានទីបញ្ចប់ដើម្បីឈានទៅរកសាកលភាវូបនីយកម្មដោយឆាប់រហ័សហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាត្រូវបាននឹងកំពុងមានវិធានការជាបន្តបន្ទាប់រាំងខ្ទប់នូវការហូរចូលដោយសេរីនៃវប្បធម៌បរទេស និងវប្បធម៌ពាលាអាវ៉ាសែដែលកំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរមួយចំនួនឱ្យស្ម័គ្រចិត្តទទួលយកដោយពុំដឹងខ្លួនដោយបំភ្លេចអស់នូវអត្តសញ្ញាណរបស់ជាតិខ្លួនបណ្តោយឱ្យកេរ្តិ៍ដំណែលប្រពៃណីទំនៀមទម្លាប់របស់ជាតិត្រូវអន់ថយ ដូច្នេះការបាត់បង់នូវតម្លៃវប្បធម៌ខ្មែរ គឺជាការបំផ្លិចបំផ្លាញបេតិកភណ្ឌជាតិ សម្បត្តិវប្បធម៌រូបី និងអរូបីជាដើម។

អភិបាលខេត្តប៉ៃលិនបានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍សកម្មភាពការងារវប្បធម៌ដូចជា កិច្ចការគ្រប់គ្រង ជំនាញនៃវប្បធម៌ មានសកម្មភាពរឹងមាំជាបណ្តើរៗគួរឱ្យកត់សម្គាល់ដោយមានកិច្ចសហការគ្នាធ្វើឱ្យមានភាពប្រក្រតីក្នុងសង្គមជាតិហើយលទ្ធផលការងារដែលទទួលបានកន្លងមកអាស្រ័យដោយស្មារតីសាមគ្គីភាព មនសិការជាតិខ្ពស់ ពុះពាររាល់ការលំបាករបស់មន្ត្រីរាជការគ្រប់មូលដ្ឋាន ព្រមទាំងមានការចូលរួមពីសាធារណៈទូទៅផងដែរ។

លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រមទាំងសិល្បករ សិល្បការិនីទាំងអស់ដែលបានខិតខំបម្រើវិស័យវប្បធម៌ និងសិល្បៈនៅក្នុងខេត្តប៉ៃលិនរបស់យើងមានភាពល្បីរន្ទឺសុះសាយជាពិសេសបានសហការគ្នាបង្កើតឱ្យមានទស្សនីយភាពយ៉ាងខ្ញៀវខ្ញារនៅក្នុងពិធីដ៏មានសារសំខាន់មួយនេះ និងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅថ្មីៗនេះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare