ប្រជាពលរដ្ឋខ្លះនិយាយថា ជាជាងទុកផ្លែស្វាយកែវរមៀតទុំចោលនៅលើដើមឱ្យជ្រុះពេញផ្ទៃចម្ការទោះបីជាឈ្មួញកណ្តាលទិញក្នុងតម្លៃទាបប៉ុណ្ណាក៏ពួកគាត់ខិតខំប្រឹងប្រែងប្រមូលបេះលក់

(ខេត្តប៉ៃលិន)៖ ផ្លែស្វាយកែវរមៀតរដូវពិតជាលក់មិនបានថ្លៃខ្ពស់ដូចផ្លែស្វាយបញ្ជាឱ្យផ្លែខុសរដូវ គឺលក់បានកម្រៃទាបខ្លាំងដោយស្ទើរតែគ្មានអ្នកទិញតែម្តង ។

កសិករម្នាក់បានឱ្យដឹងថា គាត់មានដើមស្វាយកែវរមៀត ជិត១០០០ដើមនៅក្នុងចម្ការរបស់ខ្លួនដោយរហូតមកដល់ពេលនេះ ផ្លែស្វាយរដូវចាប់ផ្តើមធំល្មមបេះលក់ឱ្យឈ្មួញហើយក៏លំបាករកអ្នកទិញខ្លាំងណាស់លុះហៅឈ្មួញមកដល់ចម្ការគេហ៊ានទិញក្នុង១គីឡូក្រាមត្រឹមតែតម្លៃ១៥០ទៅ៣០០រៀលប៉ុណ្ណោះពោលគឺថោកខ្លាំងណាស់មិនរួចថ្លៃថែទាំនោះឡើយខុសពីសព្វដង គេទិញចាប់ពី១គីឡូក្រាមតម្លៃ១៥០០ ទៅ១៨០០រៀលឯណោះហើយឈ្មួញទិញផ្លែស្វាយនេះយកទៅលក់ដូរបន្តនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំ។ ឈ្មួញម្នាក់បានឱ្យដឹងដែរថា ប្រមូលទិញផ្លែស្វាយកែវរមៀតខ្ចីទៅលក់ដូរនៅប្រទេសវៀតណាមដោយទិញក្នុង១គីឡូក្រាមត្រឹមតែតម្លៃ៣០០រៀលប៉ុណ្ណោះ គឺដាក់បោះទីតាំងទិញនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ការប្រមូលទិញផ្លែស្វាយនេះមិនរើសតូច ឬធំនោះទេឱ្យតែផ្លែស្វាយល្អគឺទិញទាំងអស់លើកលែងតែផ្លែស្វាយស្អុយ ឬជាំខូចដោយក្នុង១ថ្ងៃៗ លោកអាចដឹកផ្លែស្វាយតាមរថយន្តយីឌុបសណ្តោងរ៉ឺម៉កចំនួន៣គ្រឿងក្នុងមួយគ្រឿងអាចផ្ទុកផ្លែស្វាយកែវរមៀតចំនួន២៥ទៅ២៧តោន។

ការប្រមូលទិញផ្លែស្វាយនេះ លុះត្រាតែកសិករបេះដឹកយកមកថ្លឹងនៅកន្លែងទីតាំងរបស់លោកខាងលើផ្ទាល់បើឱ្យលោកចំណាយកម្លាំងចូលទៅបេះដល់ចម្ការ គឺអាចនឹងឱ្យតម្លៃទាបជាងនេះ។ កសិផលផ្លែស្វាយដែលឆ្លងដែនទៅលក់ដូរក្នុងទឹកដីប្រទេសថៃបានត្រូវពឹងអ្នករត់ការឱ្យចូលទៅបង់ថ្លៃរថយន្តបើផ្លែស្វាយពេញ១រថយន្តសាំងយ៉ុងជាង៥តោនត្រូវបង់ឱ្យមន្ត្រីប្រចាំច្រកទ្វារ ចាប់ពី១៨ទៅ២០ម៉ឺនរៀលហើយបើរថយន្តកង់៦ដឹកផ្លែស្វាយពេញ អាចបង់ថ្លៃចាប់ពី២៥ទៅ៤០ម៉ឺនរៀល តាមដឹកតិច ឬច្រើន ។ ដូច្នេះ បើកាច់កិនថ្លៃឈ្នួលរថយន្ត ថ្លៃបង់ឱ្យមន្ត្រីនៅច្រកទ្វារទាំងខាងខ្មែរ និងខាងថៃគឺមិនចំណេញច្រើននោះទេលុះខាងភាគីថៃកែទម្លាក់តម្លៃទីផ្សារផ្លែស្វាយថែមទៀតធ្វើផ្លែស្វាយកាន់តែធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ទើបមិនហ៊ានទិញក្នុងតម្លៃខ្ពស់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare