សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ីស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន
(ខេត្តកណ្តាល)៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ (ប៊ីស្មាត) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី។
ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើខាងលើនេះមានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ។
បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាលបានចុះពិនិត្យជាក់ស្តែងរួចមកហេីយឃេីញថា ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ីស្មាត” ហេីយក្រុមការងារបានធ្វើកំណត់ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់សហគ្រាសដែលបង្ហូរសំណល់រាវចូលប្រឡាយសាធារណៈទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។
ហើយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកណ្តាលក៏បានចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន ដល់ទៅម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ីស្មាត” ផងដែរ ដោយបាន ដាក់ចេញនូវវិធានការចំនួន ០៣ ចំនុចដូចមាននៅក្នុងលិខិតលេខ ០៥២ សជណ បស្ថ.កណ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពីករណីបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន។
បើទោះបីមន្ទីរជំនាញបរិស្ថានចុះទៅពិនិត្យ ហាមឃាត់ម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើខាងលើនេះក៏ដោយ បច្ចុប្បន្នទីតាំងខាងលើនៅតែដំណើរការយ៉ាងរលូនមិនខ្លាចញញើតច្បាប់ទាល់តែសោះ៕