សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​

(ស្ទឹងត្រែង)៖​ ជា​ប្រតិបត្តិ​ការ​មួយដ៏ធំ​ ចាប់​ខ្លួន​មេខ្លោង​ដែល​បង្កព្យុះភ្លៀង​ កៀងគរ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ចូលទៅកាប់​រុករាន​ ទន្ទ្រាន​ដីរបស់​រដ្ឋ​ស្ថិត​នៅតំបន់​ព្រៃក្រឡាពស់​ ស្រុកសេនសាន​ ខេត្ដស្ទឹងត្រែង​រួមទាំង​ដកហូត​ដី​ចំនួន​ជាង​ ៧ពាន់​ហិកតា​មកគ្រប់គ្រងជា​សម្បត្ដិរដ្ឋវិញ។

នេះបេីយោងតាមសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២នៃក្រុមអន្តរាគមន៍ពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារខុទ្ទកាល័យសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែងក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តបានបើកប្រតិបត្តិការជាបន្ទាន់មួយដើម្បីបង្ក្រាបបទល្មើសការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអានាធិបតេយ្យនៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀតដែលស្ថិតក្នុងភូមិ​សាស្ត្រ​ទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យនៃខេត្តស្ទឹងត្រែង។​ នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងជោគជ័យដោយធ្វើការរំដោះបានដីព្រៃជាង ៧០០០ហិកតាដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់ដើរកៀងគរ បោកបញ្ឆោត បងប្អូនប្រជាពលរដ្ឋឱ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិដោយមេខ្យល់សន្យាថា នឹងលក់ដីទាំងនេះឱ្យក្នុងតម្លៃថោកៗដែលសុទ្ធជាដីមានប្លង់ត្រឹមត្រូវ និងដីខ្លះកំពុងរត់ប្លង់ដើម្បីឱ្យបានស្របច្បាប់ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា នេះគឺជាការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរដែលនាំឱ្យវិនាសកម្មបាត់បង់នូវព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ។លោកបន្តថា បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះអាចឈានដល់ការខូចខាតច្រើនជាងនេះរហូតបាត់បង់ព្រៃឈើជាង ១២០០០ហិកតា​ឯណោះ។

ឆ្លើយតបចំពោះសំនួរអ្នកសារព័ត៌មានដែលថា មានប្រភពខ្លះបាននិយាយថា ជុំវិញការចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅពេលនេះនឹងមានកិច្ចអន្តរាគមន៍ឱ្យដោះលែងវិញក្នុងឆាប់ៗ តើពិតមែនទេ? ត្រង់ចំណុចនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឆ្លើយតបថា នេះគ្រាន់ជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។តែទោះយ៉ាងណាលោកបណ្ឌិតបានឆ្លើយថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះឱ្យនៅក្រៅសំណាញ់ច្បាប់ឬអត់ ?លោកបណ្ឌិតបានបញ្ជាក់បន្តែមដែរថា មិនថាឡើយតែមេខ្លោងទាំង១០រូបដែលចាប់ខ្លួនបាននោះទេ សូម្បីតែមេខ្លោងដែលកំពុងរត់គេចខ្លួនក៏សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ដើម្បីទប់ស្កាត់កុំឱ្យមានចលនាមេខ្លោងកៀរគរប្រជាពលរដ្ឋស្លូតត្រង់ឱ្យចាញ់បោកមេខ្យល់ក្នុងរូបភាពដដែលៗបែបនេះកើតឡើងជាថ្មីម្តងទៀត លោកបណ្ឌិតបញ្ជាក់ថា អាជ្ញាធរនឹងមន្ត្រីពាក់ព័ន្ធនឹងចាត់កម្លាំងឱ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះមិនឱ្យកើតរឿងបែបនេះសារជាថ្មីម្ដងទៀតនោះទេ ។ហើយចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោកក្រុមមេខ្យល់ ពួកគាត់បានព្រមទទួលស្គាល់កំហុសដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ និងមួយចំនួនទៀត អាជ្ញាធរស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យកំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្មឱ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់។

សូមបញ្ជាក់ថា ក្រុមការងារបានរំដោះដីព្រៃដែលរងការកាប់ទន្ទ្រានបានជាង៧០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនមេខ្លោងបាន១០នាក់ដែលជាខ្មែរ-អ៊ីស្លាម​ និង​បន្ដធ្វេី​ការ​បង្រ្កាប​ព្រមទាំងរំដោះដី​ដែលជា​សម្បត្តិ​របស់​រដ្ឋបន្ថែម​ទៀត​នៅតាម​តំបន់​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាផងដែរ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare