
ចាស់ជរាគ្មានទីពឹងចំនួន៤៩នាក់ទទួលប្រាក់ឧបត្ថម្ភពីមូលមូលនិធិចាស់ជរារបស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ
(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិនរួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៣ ជូនដល់លោកយាយ លោកតា ចំនួន៤៩នាក់ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូ មី១កេស អាវរងា១ ជែលលាងដៃ១ដប និងថវិកា១០០.០០០រៀល(មួយសែនរៀលគត់)។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិនហើយលោកទាំងទ្វេតែងតែបានគិតគូរសុខទុក្ខជាប់ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយមិនបានដឹងនិងមិនបានដោះស្រាយឡើយ ។
សម្រាប់មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបានក៏ដូចជាការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ក្នុងការជួយអប់រំ ប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗឱ្យប្រព្រឹត្តតែអំពើល្អ។
ក្នុងនាមលោកជំទាវ បាន ស្រីមុំ លោកក៏បានអំពាវនាវដល់លោកយាយ លោកតាទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍វិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសាធុការចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកាដល់ពួកគាត់ជារៀងរាល់ខែដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រិតធំផងដែរ៕