រន្ធត់ណាស់ ! គូស្នេហ៍មួយគូទើបនឹងស្រឡាញ់គ្នា ត្រូវមច្ចុរាជតាមដងផ្លូវឆក់យកជីវិតខាងស្រីហើយ ខាងប្រុសរួចផុតពីសេចក្តីស្លាប់

(ភ្នំពេញ)៖ ហេតុការណ៍ដ៏សង្វេគនេះ កើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រន្ធត់ណាស់! ជីវិតសត្វលោកពិតជាមិនទៀងឡើយ មួយពព្រិចភ្នែកសោះ គូស្នេហ៍មួយគូទើបនឹងស្រឡាញ់គ្នាត្រូវមច្ចុរាជតាមដងផ្លូវឆក់យកជីវិតខាងស្រីហើយខាងប្រុសរួចផុតពីសេចក្តីស្លាប់ ខណៈទើបលួចប្រតិព័ទ្ធស្រឡាញ់គ្នាបានត្រឹម១០ ថ្ងៃក៏ចំណាយពេលវេលាដឹកដើរលេងជុំគ្នាដើម្បីកម្សាន្តលំហែកាយតែជួបគ្រោះចង្រៃឡានបុកស្លាប់យ៉ាងអណោចអធ័ម ។ នារីម្នាក់នេះជាកម្មការិនីកាត់ដេរត្រូវរថយន្តដឹកទឹកសុទ្ធមួយគ្រឿងកិនបែកក្បាលស្លាប់នៅកន្លែងខណៈពេលដែលជិះម៉ូតូជាមួយបុរសម្នាក់ដែលទើបតែស្គាល់គ្នាតាមហ្វេសប៊ុកហើយបានណាត់ជួបគ្នា។

នារីរងគ្រោះ ឈ្មោះ សួង ស្រីកែវ អាយុ ២២ឆ្នាំ ជាកម្មការិនីកាត់ដេរនៅរោងចក្រ ជាវ័យ មានស្រុកកំណើត នៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែករថយន្ត បង្កគ្រោះថ្នាក់ ម៉ាក ISUZU ពាក់ស្លាកលេខភ្នំពេញ 2BE.7160 ជារថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន EVA បើកបរដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែពុំបានប្រាប់ឱ្យស្គាល់អត្តសញ្ញាណឡើយ។

នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះរួមដំណើរជាមួយបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1Z.5229 បានធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុត្រូវរថយន្តមួយគ្រឿងខាងលើធ្វើដំណើរតាមផ្លូវលេខ ១៩៦៦ ពីកើតទៅលិចបើកឆ្លងផ្លូវក៏បានបុកម៉ូតូជនរងគ្រោះហើយកិននារីរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថយន្តបានព្យាយាមបើកគេចហើយត្រូវបានកម្លាំងសណ្តាប់ខណ្ឌសែនសុខ ឃាត់បាន។

ព័ត៌មានឱ្យដឹងថា នារីរងគ្រោះព្រមទាំងបុរសម្នាក់ នេះបានមានទំនាក់ទំនងស្គាល់តាមរយៈហ្វេសប៊ុក បានប្រមាណ ១០ថ្ងៃហើយ ពួកគេទាំង ២នាក់ ក៏បានណាត់ជួបគ្នាជាលើកដំបូង និងជិះម៉ូតូជាមួយគ្នាក៏ជួបគ្រោះថ្នាក់ត្រូវរថយន្តបុក និងកិនស្លាប់តែម្តង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare