តូបលក់ចាប់ហួយមួយកន្លែងក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូលត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនៅភ្នំពេញ

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។ ម្ចាស់តូបរងគ្រោះ មានឈ្មោះ ហែម ចំណាន អាយុ៤១ឆ្នាំ ចំណែកតូបលក់អីវ៉ាន់ចាប់ហួយដែលរងការខូចខាតមានទំហំ៥ម៉ែត្រគុណនឹង១០ម៉ែត្រ ប្រភេទដែកស័ង្កសី ដែលមានស្តុកអីវ៉ាន់ពេញក្នុងតូបត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងរួមនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្លះទៀតសរុបការខូចខាតគិតជាទឹកប្រាក់ប្រមាណ ២៨០០0 ដុល្លារ។

មុនកើតហេតុ គាត់កំពុងតែងូតទឹកនៅខាងក្រោយតូបស្រាប់តែកូនរបស់គាត់ឮសម្លេងឆ្លងចរន្តអគ្គិសនី និងផ្ទុះបែកផ្កាភ្លើងទៀតផងក៏ប្រញាប់ប្រញាល់ស្ទុះរត់ទៅប្រាប់គាត់។ ភ្លាមៗនោះ គាត់ក៏រត់មកមើលឃើញភ្លើងឆាបឆេះរាលដាលដល់អីវ៉ាន់ចាប់ហួយពេញក្នុងផ្ទះបាត់ទៅហើយទោះប្រឹងសង្គ្រោះទប់ស្កាត់យ៉ាងណាក៏មិនឈ្នះដែរ និងបានត្រឹមតែនាំសមាជិកគ្រួសាររត់ចេញពីតូបយករួចអាយុជីវិតតែប៉ុណ្ណោះ។ ពេលភ្លាមៗនោះដែរ ក្រុមសន្តិសុខយាមក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីសុំរថយន្ដពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកទប់ស្កាត់ផងដែរ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៩គ្រឿង ក្នុងនោះរថយន្តមកពីអង្គភាពរុករក និងជួយសង្គ្រោះ ៧១១ ចំនួន០៤គ្រឿង រថយន្តស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន០៣គ្រឿង រថយន្តអង្គភាព៩១១ ចំនួន០១គ្រឿង និងរថយន្តជំនួយរបស់បុរីក្តីសង្ឃឹមចំនួន០១គ្រឿងផងដែរ។ លុះរហូតដល់វេលាម៉ោង១ រំលងអធ្រាត្រទើបអណ្ដាតភ្លើងរលត់ទៅវិញចំណែកសម្ភារៈដែលខូចខាតគឺមានតូបលក់ចាប់ហួយសង់ពីដែកប្រក់ស័ង្កសីដែលមានទំហំ៥ម៉ែត្រគុណនឹង១០ម៉ែត្របានឆេះខូចខាតទាំងស្រុងតែមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ ចំពោះមូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare