ល្បែងជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងបរិវេណផ្ទះឡ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅតែបន្តបើកលេងបានយ៉ាងអនាធិបតេយ្យខណ:សមត្ថកិច្ចគ្មានចំណាត់ការ

(ភ្នំពេញ)៖ ហ៊ានមែន ម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ខុសច្បាប់មួយកន្លែងនេះនៅជាប់កន្លែងផ្ញើឡាន និងកង់បីក្បែរតារាងបាល់ទះនៅក្នុងបរិវេណផ្ទះឡ នៅក្នុងទឹកដីសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងបានយ៉ាងអនាធិបតេយ្យរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្រ្កាបស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ឱ្យមានសុវត្ថិភាពនោះឡើយ។

ជាក់ស្តែងនៅវេលាម៉ោង ១១:២៥ នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ នៅម្តុំផ្ញើឡាន និងកង់បីក្បែរតារាងបាល់ទះមួយកន្លែងនៅក្នុងបរិវេណផ្ទះឡមានបើកលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់បានយ៉ាងរំភើយឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានទទួលលាភសក្ការៈពីម្ចាស់ទីតាំងបនល្បែងខុសច្បាប់មួយកន្លែងនេះរួចអស់ហើយទេដឹង? បានជាមិនហ៊ានធ្វើការបង្ក្រាប។

បងប្អូនប្រជាពលរដ្ឋបានឃើញសភាពបែបនេះធ្វើឱ្យពួកគាត់លើកឡើងថា ល្បែងទាំងអស់នេះហើយដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងអំពើចោរកម្មដូចជាបទល្មើសផ្សេងៗពោលគឺលួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជន បាននាំគ្នាធ្វើការអំពាវនាវយ៉ាងទទូចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះធ្វើការត្រួតពិនិត្យនិងបង្រ្កាបទីតាំងល្បែងសុីសងជល់មាន់ខុសច្បាប់ដែលកំពុងបើកលេងនៅក្នុងបរិវេណផ្ទះឡមួយកន្លែងនេះផងទាន ពីព្រោះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មិនមានឆន្ទៈក្នុងការបង្ក្រាបល្បែងសុីសងខុសច្បាប់នេះឡើយ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare