
មេឃបន្តភ្លៀងធ្លាក់ខ្លាំង ១យប់១ថ្ងៃ បណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងលិចលង់ភូមិជាច្រើនក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អភិបាលខេត្តប៉ៃលិនត្រៀមអំណោយសង្គ្រោះរបស់សម្តេចតេជោ
(ខេត្តប៉ៃលិន)៖ ក្រោយពីមេឃភ្លៀងធ្លាក់ជាប់ៗ ចាប់តាំងពីយប់ថ្ងៃទី២៦ រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ធ្វើឱ្យទឹកហូរពីផ្នែកខាងលើធ្លាក់ទៅជន់លិចភូមិនានាជាច្រើនក្នុងឃុំស្ទឹងត្រង់ខណ:អភិបាលខេត្តប៉ៃលិនដឹកនាំមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្តចុះពិនិត្យដើម្បីត្រៀមជួយសង្គ្រោះ និងផ្តល់អាហារស្បៀងជូនដល់ពួកគាត់ដែលកំពុងតែរងគ្រោះផងដែរ។
ហេតុការណ៍ជំនន់ទឹកភ្លៀងបន្តជន់លិចលង់ភូមិមួយចំនួននៅក្នុងឃុំស្ទឹងត្រង់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ប្រភពព័ត៌មានពីលោក ជា យ៉ុន មេឃុំស្ទឹងត្រង់ បានឱ្យភ្នាក់ងារយើងដឹងថា មេឃចាប់ផ្តើមធ្លាក់ភ្លៀងមួយមេយ៉ាងធំចាប់តាំងវេលាម៉ោង ០៨:១០នាទីយប់នាថ្ងៃទី២៦ ខែតុលា រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បង្កឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងបន្តជន់លិចលង់នៅក្នុងភូមិមួយចំនួនដូចជាភូមិផ្ទះស្បូវ ភូមិកូនដំរី ភូមិព្រៃសន្ទះបណ្តាលឱ្យលិចផ្លូវថ្នល់ និងលិចវត្តផ្ទះស្បូវ លុះដល់ល្ងាចថ្ងៃដដែលជំនន់ទឹកភ្លៀងនេះបានបន្តជន់លិចភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម និងភូមិអន្លង់រក្សា ស្ថិត ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកមេឃុំបានបន្តទៀតថា ក្រោយពីជំនន់ទឹកភ្លៀងបានបន្តលិចលង់ផ្ទះសម្បែងក៏បានធ្វើឱ្យលិចដល់ដំណាំអស់ជាច្រើនហិកតា ដូចជា ដំណាំដំឡូងមី ដំណាំពោតក្រហម សណ្តែក ត្រប់ ត្រសក់ ម្ទេស ស្ពៃ ជាដើម បណ្តាលឱ្យទទួលរងការខូចខាតយ៉ាងដំណំដែលធ្វើឱ្យម្នាក់ៗមានការបារម្ភពីបញ្ហាជីវភាព។
លោកបញ្ជាក់ថា ទោះបីជាយ៉ាងណា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរួមជាមួយឯកឧត្តមអ្នកតំណាងរាស្ត្របានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ជាក់ស្តែងដែលកំពុងតែជន់លិចលង់លំនៅឋាន វត្តអារាម ដំណាំដាំដុះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ដដែលនេះ លោកជំទាវ អភិបាលខេត្តប៉ៃលិននឹងដឹកនាំក្រុមការងារ និងមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្តចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះធម្មជាតិទឹកជំនន់នេះផងដែរ៕