លោក ឈុន សុភមង្គលប្រធានសាខាគយខេត្តឧត្ដរមានជ័យកំពុងបង្ហាញស្នាដៃប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង

ខេត្តឧត្តរមានជ័យ= ប្រភពពីមន្ត្រី នៃស្ថាប័នពាក់ព័ន្ធប្រចាំនៅច្រកទ្វារអន្តរជាតិជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យpnctvដឹងថា មួយរយៈចុងក្រោយនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយ និងរដ្ឋករ ច្រកទ្វារអន្តរជាតិជាំ ឃុបឃិតគ្នាឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពដូចជា សាច់មាន់ ស្លាបមាន់ ជើងមាន់ជង្គង់មាន់ និងប្រហិតច្រើនប្រភេទទៀត ក៍ត្រូវបានលោក កែវ សារ៉ាត់ ឃុបឃិតឲ្យឈ្មួញនាំចូលជាច្រើនតោនក្នុងមួយថ្ងៃៗផងដែរ ។
មូលហេតុដែលលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ហ៊ានហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះ គឺដោយសារមានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ រូបនេះ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបែបនេះ ។
ប្រភពពីមន្ត្រីគយ ក្រោមឱវ៉ាទនៅក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ខ្លះផង ។ ដោយហេតុថា ចាប់តាំងពីអំឡុងចុងខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះលោក ឈុន សុភមង្គល កំពុងបង្ហាញស្នាដៃខ្លាំងក្លាខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះលោក ឈុន សុភមង្គល បានចាត់ទុកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ក៏ដូចជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ និងតាមច្រកជប់គគីរ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើតាមការបង្ហើបពីមន្ត្រីគយនៅខេត្តឧត្ដរមានជ័យ មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក ឈុន សុភមង្គល ទទួលបានតំណែងជាមេគយខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺលោក ឈុន សុភមង្គល មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ។ ផ្ទុយទៅវិញលោក ឈុន សុភមង្គល យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឈុន សុភមង្គល ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លោក គួន សុភាព ប្រធានការិយាល័យគយច្រកអូរស្មាច់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល ព្រោះអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ជាបង្អែកដ៏រឹងមាំ។ ជាមួយគ្នានេះប្រធានការិយាល័យនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ក៏ឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកផងដែរ ព្រោះមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ដែលជាចៅហ្វាយនាយរបស់ខ្លួន។ ប្រភពពីមន្ត្រីគយក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងទៀតថា អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈុន សុភមង្គល ក៏មានជាប់ពាក់ព័ន្ធនឹងមេគយចល័តក្នុងខេត្ឧឧត្ដរមានជ័យ ផងដែរ ដោយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយយ៉ាងរលូន។ បញ្ហានេះជារឿងដែលលោក គុណ ញឹម ដែលជាមេគយធំ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ឈុន សុភមង្គល កំពុងសាងភាពល្បីល្បាញយ៉ាងខ្លាំងខាងពុករលួយ ។
បើទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធនឹងការលើកឡើងអំពីអំពើមិនប្រក្រតី របស់លោក ឈុន សុភមង្គល បើកដៃឲ្យមន្ត្រី ជាប្រធានការិយាល័យប្រចាំច្រកនិមួយៗ ប្រមូលលុយតាមរបៀបពុករលួយខាងលើនេះ អង្គភាពយើង មិនអាចសការពន្យល់បានទេ ដោយសារនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះទូរស័ព្ទទៅលោក ឈុន សុភមង្គល មិនចូល ៕