នគរបាលក្រុងព្រះវិហារ បញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅកាន់តុលាការខេត្ត ពីបទរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តព្រះវិហារ = ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ចុះធ្វើការឃាត់ខ្លួន ហើយបញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ស្តីពីករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

នេះបើយោងតាមសេចក្តីរាយការណ៍ដែលទទួលបានពីសមត្ថកិច្ចជំនាញនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ។

សេចក្តីរាយការណ៍បានបញ្ជាក់បន្តថា ចំពោះហេតុការណ៍ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននេះ កម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ព្រមទាំងថ្នាំញៀនក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(lCE)ចំនួន១៤កញ្ចប់តូច ទម្ងន់៦,៣២ក្រាម និងក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(WY)ចំនួន០៤គ្រាប់ ទម្ងន់០,៣៥ក្រាម ទូរស័ព្ទដៃចំនួន១៣គ្រឿង រថយន្តចំនួន១គ្រឿង លុយខ្មែរចំនួន១៣,៣៣១,០០០៛ រួមនឹង សម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់បន្តថា ជនសង្ស័យទាំង៤នាក់ដែលកម្លាំងបានធ្វើការឃាត់ខ្លួនទី១ឈ្មោះ ដួង សុគឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២ឈ្មោះ ហួរ ឆេងហុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៣ឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី៤ឈ្មោះ អ៊ូក គន្ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងបី មានទីលំនៅ បច្ចុប្បន្នភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ចំពោះប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំនុចផ្ទះជនសង្ស័យឈ្មោះ ដួង សុគឿន ស្ថិតនៅក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។