
ពលរដ្ឋនាំគ្នាឆ្ងល់ថា ហេតុអ្វីលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមមើលរំលង ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនៅស្រុកស្ទឹងត្រង់បើកលេងដែលយ៉ាងគឃ្លើនហើយមិនមានវិធានការបង្រ្កាបបែបនេះ?
ខេត្តកំពង់ចាម ៖ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនដល់ពលរដ្ឋដែលរស់នៅទូទាំងប្រទេសថា ថ្វីត្បិតជំងឺ កូវីដ-19 បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយប៉ុន្តែជំងឺកូវីដ-19 បម្លែងថ្មី ឈ្មោះថា អូមីក្រុង នៅតែជាបញ្ហាដដែល ដោយឡែកឈ្មោះ ផល្លា អតីតធ្លាប់ជាមេប៉ុស្តិ៍ប៉ុន្តែឥឡូវប្រែក្លាយជាមេក្លោងម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគឺជាអ្នកណាទើបហ៊ានប្រមូលបក្សពួកមកជួប ជុំបើកលេងល្បែងយ៉ាងពពាក់ពពូននិងអនាធិបតេយ្យនៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្មានការទប់ស្កាត់ឬមួយខ្លាចអំណាចបានជាមិនហានបង្ក្រាបនាំគ្នារក្សាភាពស្ងៀមស្ងាត់ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍។
ប្រភពព័ត៍មានទទួលបានពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាននិងអ្នកលេងល្បែងនាំគ្នា ថតផ្តិតរូបភាពផ្ញើឱ្យភ្នាក់ងារយើងឱ្យបានដឹងនៅល្ងាចថ្ងៃទី23 ខែកុម្ភៈឆ្នាំ 2022 នេះថា ទីតាំងល្បែងសុីសងដុះស្លែមួយកន្លែងខាងលើនេះ នៅតែបើកលេងជារៀងរាល់ថ្ងៃ គេមិនដែលឃើញសមត្ថកិច្ចជំនាញណាហ៊ានចុះទៅធ្វើការទប់ស្កាត់ឡើយទុកឱ្យក្រុមញៀនល្បែងជាច្រើននាក់នាំគ្នាទៅលេងនៅទីនោះយ៉ាងច្រើនកុះ ករបង្កឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅជិតខាងដាក់ការសង្ស័យថា ទំនងជាម្ចាស់ទីតាំងល្បែងមួយនេះបានសែនព្រេនត្រូវរ៉ូវគ្នាជាមួយមន្ត្រីពាក់ព័ន្ឋក្នុងស្រុក ឬថ្នាក់ខេត្តអស់ហើយមើលទៅទើបម្ចាស់ទីតាំងនេះហ៊ានបើកលេងតាមតែអំពើចិត្តអញ្ចឹងហើយបានជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាបព្រោះខ្លាចបែកឆ្នាំងបាយទេដឹង? ពលរដ្ឋលើកឡើងថា ទង្វើបែបនេះធ្វើឱ្យពួកគាត់រស់នៅមានការ ភ័យខ្លាចនឹងបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗ ពោលគឺ លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
សូមរំលឹកថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេសត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការ យោគយល់ឡើយដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅ ឱ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ផ្ទុយទៅវិញទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងនៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពលរដ្ឋក៏ដូចជាមហាជនបានឃើញបើកលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃហាក់មិនញញើតនិងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនោះឡើយ។
ពាក់ព័ន្ធករណីទីតាំងល្បែងខុសច្បាប់ខាងលើនេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង រាយការណ៍ជូន លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់តាមរយៈលេខទូរស័ព្ទ ប៉ុន្តែទាក់ទងពុំបាននោះទេ។
ទោះបីយ៉ាងណាក៏ដោយបងប្អូនពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់បាននាំគ្នាសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាត្រួតពិនិត្យជាក់ស្ដែង ជាពិសេស លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មិនគួរមើលរំលងទាល់តែសោះគួរតែមានវិធានការទប់ស្កាត់ឬមួយចាត់កម្លាំងជំនាញចុះបង្រ្កាបទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងដែលបើកលេងខាងលើនេះ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពឱ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃផងទាន៕