
សាក្សីនិងសាច់ញាតិលោកស្រីអតីតប្រធានមន្ទីរកិច្ចការនារីចេញមុខបកស្រាយក្រោយសារព័ត៌មានគេហទំព័រកាសែតកោះសន្តិភាព ចុះផ្សាយពាក់ព័ន្ធនឹងស្ត្រីវ័យក្មេងដាក់ពាក្យបណ្តឹងទាមទារដីចម្ការជាង៣ហិកតា
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ សាក្សី និងកូនចៅសាច់ញាតិរបស់ស្រ្តីវ័យចំណាស់ដែលអះអាងថា ជាម្ចាស់ដីចំការស្វាយកែវរមៀតបានកើតទុក្ខមិនសុខចិត្តទើបចេញមុខស្រាយបំភ្លឺក្រោយពីសារព័ត៌មាន ជាច្រើនស្ថាប័នក្នុងនោះមានគេហទំព័រកាសែតកោះសន្តិភាពបានចុះផ្សាយករណីបញ្ហាដីចំការមួយកន្លែងធ្វើឱ្យលោកស្រី អ៊ិត យុត មានប្រតិកម្មតែម្តង។ ក្រោយពីគណៈកម្មការសម្របសម្រួលដីធ្លីឃុំស្ទឹងកាច់ បានចុះពិនិត្យជាក់ស្តែង មានសាក្សីជាង២០នាក់ចូលរួមនៅទីតាំងដីកាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ បន្ទាប់ពី ស្រ្តីវ័យក្មេង ជាក្មួយបានដាក់ពាក្យប្តឹងចោទស្រ្តីវ័យចំណាស់ ជាអតីតប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនជាអ៊ុំសាច់ថ្លៃថា បានហៅក្រុមមន្រ្តីសុរិយោដីធ្វើប្លង់កម្មសិទ្ធិ ដីចំការជាង៣ហិកតាជាកេរិ៍្តខ្មោចឪពុកម្តាយខ្លួនទាំងមានដាំដំណាំស្វាយកែវរមៀតពេញចំការ។
សូមបញ្ជាក់ថា ៖ ក្មេងស្រីដាក់ពាក្យប្តឹងទាមទារដីចំការមានឈ្មោះ អ៊ុំ វន្នី ហៅជា អាយុ២៥ឆ្នាំ មានប្តី ឈ្មោះ ឈាង ចន្ថា អាយុ២៧ឆ្នាំ មានកូន២នាក់ក្នុងបន្ទុក មានឪពុក ឈ្មោះ អ៊ុំ សារិទ្ធ អាយុ៥៧ឆ្នាំ (ស្លាប់) ម្តាយ ឈ្មោះ កែវ វណ្ណា អាយុ៥៩ឆ្នាំ (ស្លាប់) រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកស្រ្តីរងការចោទប្រកាន់ថា លួចធ្វើប្លង់ដីខ្មោចឪពុកក្មេងស្រីធ្វើជាកម្មសិទ្ធិ មានឈ្មោះ អ៊ិត យុត អាយុជាង៦០ឆ្នាំ ជាអតីតប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន និងជាសមាជិកក្រុមប្រឹក្សាខេត្ត រស់នៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមសាក្សីម្នាក់ ឈ្មោះ សុទ្ធ គន្ធថាល់ ជាសមាជិកក្រុមប្រឹក្សា រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានព្រំដីជាប់គ្នានឹងដីមានបញ្ហានេះបានរៀបរាប់ឱ្យដឹងថា ៖ តាមលោកដឹងលោកស្រី អ៊ិត យុត ចាប់ផ្តើមត្រួសត្រាយកាប់ឆ្ការដីព្រៃខាងលើនេះជាយូរមកហើយគឺតាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ដោយកាលនោះមិនទាន់មានផ្លូវអាចបើកបររថយន្តចូលស្រួលបួលនៅ ឡើយទេ តែអាចបើកបរម៉ូតូឬធ្វើដំណើរដោយថ្មើរជើងក៏លំបាកដែរ។ លោកបន្តទៀតថា ត្រង់កន្លែងដែលគាត់សម្បទានឱ្យបងប្អូនកូនក្មួយរបស់គាត់យ៉ាងណានោះ លោកក៏មិនដឹងដែរប៉ុន្តែតាមសច្ចធម៌ព្រំដីរបស់លោកគឺជាប់គ្នាជាមួយនឹងដីរបស់លោកស្រី អ៊ិត យុត អតីតប្រធានមន្ទីរកិច្ចការនារីប្រាកដមែន។
បើតាមស្រ្តីម្នាក់ ឈ្មោះ ម៉ែន សម្បត្តិ អាយុ៤២ឆ្នាំ ត្រូវជាក្មួយ ឈ្មោះ ស៊ុន ផាត អាយុ៥៣ឆ្នាំ ជាអ្នកដទៃរស់នៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនបានឱ្យដឹងថា ៖ ដីខាងលើជាដីរបស់លោកស្រី អ៊ិត យុត ដោយគាត់បានជួលឱ្យកម្មការកាប់ឆ្ការព្រៃឬស្សីរួចឱ្យអ្នកជិតខាងអាស្រ័យផល ដាំស្រូវ ដាំល្ង ម្ទេស និងបន្លែផ្សេងៗ ក្រោយមក អ្នកនោះត្រូវតែប្រគល់ជូនឱ្យម្ចាស់ដើមវិញ។
បើតាមបុរស ឈ្មោះ ស៊ីវ លីន អាយុ៤១ឆ្នាំ ត្រូវជាកូនចិញ្ចឹមលោកស្រី អ៊ិត យុត បានឱ្យដឹងដែរថា ៖ ដីចំការទាំងអស់សរុបចំនួន១០ហិកតា ម្តាយរបស់ខ្លួនបានឱ្យឪពុកម្តាយក្មេងស្រីខាងលើអាស្រ័ យផលចំនួន៣ហិកតាជាង ដោយខាងលោកក៏នឹងធ្វើប្លង់រួមគ្នាហើយនឹងចែកឱ្យគ្រួសារក្មេងស្រីខាងលើនេះចំនួន២ ហិកតា ដោយនាងក៏ព្រមទទួលយកដែរតែក្រោយមកមិនដឹងយ៉ាងណា បែរជាចង់យកទាំង៣ហិកតាទៅវិញ។ លោកបន្តទៀតថា ដីចំការទាំងអស់នេះគឺម្តាយគាត់កាន់កាប់ និងបានកាប់ឆ្ការតាំងពីឆ្នាំ២០០០មកម៉្លេះ ដោយប្អូនថ្លៃរបស់គាត់បានមកពីខេត្តកំពង់ឆ្នាំងសុំអាស្រ័យផលគឺសុំគាត់សង់ខ្ទមស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែរហូតមកដល់ពេលនេះ ដីខាងលើម្តាយគាត់បានធ្វើប្លង់ហ៊ុំ យកទាំងអស់ហើយព្រោះជាដីកម្មសិទ្ធិរបស់ខ្លួនគ្រាន់តែឱ្យពួកគេអាស្រ័យផលប៉ុណ្ណោះ៕