ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង
នារសៀលថ្ងៃពុធទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ចំពោះជនអនាថានានា នៅក្នុងភូមិសាស្រ្ដ ក្រុងបាត់ដំបង។
ដោយមមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង លោក ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះមានជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថាមានច្រើននៅក្នុងក្រុងបាត់ដំបង ដូច្នេះដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសោភ័ណភាពក្នុងក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយ និងទាក់ទាញ គឺត្រូវរៀបចំធ្វើយ៉ាងបំបាត់កុំឱ្យមានជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅតាមទីសារធាណៈ គឺត្រូវរៀបចំឱ្យពួកគាត់បានទទួលការស្នាក់នៅ ការហូបចុក ការថែទាំសុខភាព ការព្យាបាលជម្ងឺ និង ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលស្តានីតិសម្បទារបស់រដ្ឋ ក៏ដូចជាមណ្ឌលស្តានីតិសម្បទារបស់អង្គការដៃគួរនានានៅក្នុងខេត្ត។
ក្នុងនោះផងដែរ ឯកឧត្តម ក៏បានប្ដេជ្ញាធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់ទីសារធាណៈឱ្យបានល្អប្រសើរ និងនាំយកជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ចេញឱ្យអស់ពីទីសាធារណៈ នៅក្នុងក្រុងបាត់ដំបង ហើយ ឯកឧត្តម ក៏សំណូមពរ ឱ្យមានការចូលរួម និងគាំទ្រពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន និងអង្គការពាក់ព័ន្ធនានានៅក្នុងខេត្តបាត់ដំបងផងដែរ។
ឯកឧត្តម បានជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលក្រុងបាត់ដំបង ធ្វើការសហការគ្នាក្នុងការធ្វើសម្រង់ស្ថិតិ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការប្រជុំពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់ ក្នុងរៀបចំគណៈកម្មការគ្រប់គ្រង និងដោះស្រាយ ជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ដើម្បីពិនិត្យ និងសម្រេច៕