
អតីតមន្ត្រីយោធាចូលនិវត្តន៍ដង្ហើយរកយុត្តិធម៌ដោយសារតែក្រុមយោធាបញ្ជាការដ្ឋានកងរថក្រោះ(ACO) ដាក់គ្រឿងចក្រឈូសឆាយ ជីកកាយបំផ្លាញដំណាំលើដីអាស្រ័យផលជិត៤០ឆ្នាំ
(ខេត្តកំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ ភេទប្រុស អាយុ៧១ឆ្នាំ អតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការនៅបញ្ជាការដ្ឋានកងរថក្រោះហៅកាត់(ACO) ចូលនិវត្តន៍នៅក្នុងឆ្នាំ២០២៣ ដង្ហើយរកយុត្តិធម៌ ស្នើដល់ថ្នាក់លើ និងជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលដីអាស្រ័យផលរបស់គាត់ជិត៤០ឆ្នាំហើយបែរជាត្រូវមន្ត្រីយោធាក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះ(ACO)ដាក់គ្រឿងចក្រឈូសឆាយ ជីកកាយដំណាំអស់ជាច្រើន។
លោកឧត្តមសេនីយ៍ ទូច សុភក្ត្រ ហៅចាយ មុន្នី ហៅទិត្យ អតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការបានលើកឡើងថា រូបលោកបានចូលបម្រើការងារជាកងកម្លាំងការពារជាតិនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបាញ់គ្រាប់ពិតបន្ទាយ(ACO) តាំងពីឆ្នាំ១៩៨៣ និងស្នាក់នៅក្នុងភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺហើយក៏បានទិញដីស្រែពីប្រជាពលរដ្ឋចំនួន៤គ្រួសារដើម្បីអាស្រ័យផលនៅក្នុងឆ្នាំ១៩៨៥។ លោក ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ ក៏ដឹងដែរថា ដីដែលលោកបានទិញពីប្រជាពលរដ្ឋយកមកអាស្រ័យផលជាប់ដីរបស់គាត់នោះនៅក្នុងបន្ទាយកងរថក្រោះប៉ុន្តែបើថ្នាក់លើត្រូវការពេលណា លោកប្រគល់ជូនភ្លាមប៉ុន្តែអ្វីដែលធ្វើឱ្យលោកឧត្តមសេនីយ៍ ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ ហួសចិត្តនោះគឺដីនៅក្នុងបន្ទាយកងរថក្រោះមានទំហំធំណាស់ ហើយកាលពីជាង១០ឆ្នាំមុនបានកាត់ឆ្វៀលដីទៅប្រជាពលរដ្ឋជិត១០ភូមិទៅហើយមិនតែប៉ុណ្ណោះដីនៅក្នុងបន្ទាយកងរថក្រោះប៉ែកខាងកើតមានទំហំប្រហែល៤០ហិកតា ហេតុអ្វីបានជាលោក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះ(ACO) បែងចែកទៅឱ្យមន្ត្រីយោធា និងមន្ត្រីចូលនិវត្តន៍ជាច្រើនគ្រួសារបាន ចុះហេតុអ្វីត្រឹមដីអាស្រ័យផលរបស់លោកត្រឹមជាងកន្លះហិកតា មានដាំដំណាំហូបផ្លៃ និងមានស្រះចិញ្ចឹមត្រីហើយផងនោះបែរជាលោកមេបញ្ជាការកងរថក្រោះបញ្ជាឱ្យមន្ត្រីដាក់គ្រឿងចក្រមកឈូសឆាយ និងជីកគាស់កាយដំណាំហូបផ្លែរបស់គាត់មានដូចជាដើមស្វាយ ដើមឬស្សី និងជីកកាយដីរងការខូចខាតទុយោប្រព័ន្ធទឹកជាច្រើនម៉ែត្រដែលជាប្រព័ន្ធស្រោចស្រព ដំណាំផ្សេងៗ ទាំងបំពានខណៈដែលរូបគាត់ជាអតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការថែមទៀតផង។
លោក ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ បានបន្តទៀតថា លោកបានលះបង់កម្លាំងកាយចិត្តបម្រើការងារ បម្រើជាតិជាង៤០ឆ្នាំកន្លងទៅហើយចំណាយថវិកាជួយបក្សស្រុកភ្នំស្រួច ឃុំតាំងសំរោង។ ត្រឹមដីអាស្រ័យផលជាងកន្លះហិកតាដែលជាប់ដីលំនៅឋានសោះ អស់ហេតុអ្វីបានអស់លោកមន្ត្រីយោធា លោកមេបញ្ជាការកងរថក្រោះ(ACO) មិនយោគយល់ មិនជូនដំណឹងមុនពេលដែលដាក់គ្រឿងចក្រមកធ្វើការឈូសឆាយ ជីកគាស់កាយ បំផ្លាញដំណាំហូបផ្លែទាំងបំពានទៅវិញ? ខណៈដែលអស់លោកបានយកដីបន្ទាយបែងចែកគ្នា ខ្លះចេញប្លង់រឹង ដីខ្លះទៀតកំពុងតែរៀបចំឯកសាររត់ការធ្វើប្លង់រឹងបន្ថែមទៀតហើយ តើថ្នាក់លើមានដឹងពីទង្វើរបស់លោកមេបញ្ជាការកងរថក្រោះ(ACO) នេះដែរឬទេ? ក្នុងនាមរូបលោកជាអតីតមន្ត្រីយោធាមួយរូបដែរប៉ុន្តែត្រឹមកូនចៅបន្តវេនម្នាក់គ្មានផង រីឯក្រុមគ្រួសាររបស់លោកមេបញ្ជាការ និងថ្នាក់ដឹកនាំក្នុងបន្ទាយកងរថក្រោះ(ACO)នេះវិញមានឈ្មោះប្រពន្ធ កូន ចៅ និងសាច់ញាតិខ្សែស្រឡាយថែមទៀតផងមិនខុសពីពាក្យចាស់លោកពោលថា កន្ទេលធំបន្លំដេកនោះទេ។
ជាចុងក្រោយលោកទូច សុភក្ត្រ ហៅចាយ មុន្នី ហៅទិត្យ អតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការបញ្ជាការដ្ឋានកងរថក្រោះ(ACO) ធ្វើការសំណូមពរដល់ឯកឧត្តមនាយឧត្តសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទចាត់កម្លាំងជំនាញអធិការកិច្ចចុះពិនិត្យស្រាវជ្រាវផង និងជាពិសេសធ្វើការសំណូមពរដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយពិនិត្យមើលទង្វើររបស់លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះ(ACO)ធ្វើរាល់ថ្ងៃនេះផងទាន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ទូច សុភក្ត្រ ហៅចាយ មុន្នី ហៅទិត្យ អតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការបញ្ជាការដ្ឋានកងរថក្រោះនេះដែរ លោក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះហៅកាត់(ACO) អ្នកយកព័ត៌មានខលចូល មានអ្នកលើកបដិសេធថា លោក ឡាញ់ កៅ អត់នៅទេហើយការងារនោះសួរអ្នកគេធ្វើការងារនៅទីនោះដឹងហើយលោកមេបញ្ជាការចាំលោកប្រាប់តាមនឹង៕