
ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារខែមេសា និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកពារាំង
(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំងបានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា និងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកពារាំង។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំព្រៃស្រឡិតរបស់ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីមន្រ្តីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៩៣ របស់ស្រុកពារាំង។
មានមតិក្នុងឱកាសនោះ ឯកឧត្ដម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សមូលដ្ឋាន និងមន្ត្រីក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបានផ្តាំផ្ញើឱ្យមន្ត្រីគណបក្សបន្តពង្រឹងសាមគ្គីភាព និងក្រមសីលធម៌ការងារ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង និងបន្តធ្វើវេទិកាសាធារណៈដើម្បីក្តាប់ជាប់សំណូមពរចាំបាច់របស់ពលរដ្ឋ និងដោះស្រាយតាមលទ្ធភាពជាក់ស្ដែង។
ឯកឧត្តមបានផ្តាំផ្ញើឱ្យមន្ត្រីគណបក្សបន្តឧបត្ថម្ភដល់ពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាពហើយបន្តធ្វើបច្ចុប្បន្នភាពគ្រប់គ្រងស្ថានភាពពលរដ្ឋ និងកម្លាំងនយោបាយដើម្បីពង្រឹងពង្រីកសមាជិកបក្សជាប់ជាប្រចាំ។
បន្ថែមលើសនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានជំរុញឱ្យបន្តទប់ស្កាត់រាល់ការបំផុសបំផុលខុសពីការពិតរបស់ក្រុមជ្រុលនិយមដែលប៉ុនប៉ងបំបែក ចលាចលក្នុងសង្គម និងបានជំរុញឱ្យពលរដ្ឋមិនទាន់ចុះឈ្មោះបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតនៅក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខឱ្យបានគ្រប់គ្នា៕