នគរបាលរាជធានីភ្នំពេញបង្ក្រាប និងដកហូតសាច់បង្កកខូចគុណភាព ជិត៣តោនយកទៅបំផ្លាញចោល

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ « ក.ប.ប. » រាជធានីភ្នំពេញធ្វើការបង្ក្រាបដែលខូចគុណភាពសរុបចំនួនជិត៣០០០គីឡូក្រាម។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំបង្ក្រាបដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយ ក.ប.ប. រាជធានីភ្នំពេញបានធ្វើការបង្ក្រាបសាច់ក្រកចំនួន៩កេសស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន១០កេសស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតាចំនួន១១កេស ស្មើនឹង៥៥០គីឡូក្រាមដែលខូចគុណភាពសរុបចំនួន៣០កេស ស្មើនឹង ១៤០០គីឡូក្រាមគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ប្រតិបត្តិការបង្ក្រាបនេះ លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា មន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលនូវផលិតផលខូចគុណភាពទាំងនេះដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young មកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញកំពុងបន្តនីតិវិធីយកទៅបំផ្លាញចោល។ សូមបញ្ជាក់ថា កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ដោយឡែកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាពដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare