ព្រឹត្តិការណ៍ចាក់បាញ់ឆែវប្រមាណជាង ២២០០០បន្ទះចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសាដោយឥតគិតថ្លៃទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវប្រមាណជាង ២២០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសាដោយឥតគិតថ្លៃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា “ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះអាចចាត់ទុកជាព្រឹត្តការណ៍ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ព្រោះបាញ់ឆែវគឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាពព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋានដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី អាជ្ញាធរស្រុក/ក្រុង កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំរហូតទទួលបានលទ្ធផលគួរជាទីមោទនៈជាពិសេសធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយរីករាយក្រោមម្លប់សុខសន្តិភាពដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការឱ្យដឹងពីលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែកបានបញ្ជាក់ថា ព្រឹត្តការណ៍ចាក់បាញ់ឆែវនេះមានរយៈពេលពេញ១ថ្ងៃដោយមានការចូលរួមពីអាជ្ញាធរស្រុក/ឃុំ/ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានខ្ទះសរុបចំនួន១៥០ខ្ទះ ប្រើប្រាស់អង្ករចំនួន ១១០០គីឡូក្រាមស្មើនឹងបាញ់ឆែវចំនួន ២២០០០បន្ទះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare