មន្រ្តីរាជការសាលាខេត្តចំនួន ១២រូប ប្រកាសចូលកាន់មុខតំណែងថ្មី

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តព្រៃវែងចំនួន ១២រូប ក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈខេត្តព្រៃវែង។

បើយោងដីការបស់រដ្ឋបាលខេត្តព្រៃវែងត្រូវបានទទួលការតែងតាំងប្រគល់ និងផ្ទេរភារកិច្ចចំនួន១២រូបរួមមាន នាយករងរដ្ឋបាលចំនួន ២រូប នាយកទីចាត់ការចំនួន ១រូប ប្រធានអង្គភាពចំនួន ១រូប អនុប្រធានអង្គភាពចំនួន ១រូប ប្រធានការិយាល័យចំនួន ២រូប និងអនុប្រធានការិយាល័យចំនួន ៥រូប។

បន្ទាប់ពីការអានដីកាតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចដោយនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងការធ្វើការប្តេជ្ញាចិត្តតំណាងសមាសភាពដែលត្រូវតែងតាំងប្រគល់ និងផ្ទេរភារកិច្ចរួច ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទើបតែងតាំងថ្មី និងមន្រ្តីរាជការក្រោមឱវាទពាក់ព័ន្ធត្រូវគោរពទៅតាមឋានានុក្រម តួនាទីភារកិច្ច និងត្រូវសហការធ្វើការងារជាក្រុមពេលបំពេញការងារជូនអង្គភាព។

ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តឱ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលាក៏ដូចជាដើម្បីបំពេញនូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រៃវែងដែលនេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់ប្រសើរឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ និងវិធានការនានាសំដៅឱ្យការអនុវត្តន៍របស់រដ្ឋបាលខេត្ត ធានាបាននូវប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពឆ្លើយតប។

ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា ការធ្វើសមាហរណកម្មក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុកទូទាំងខេត្តកន្លងមកក៏បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រុង ស្រុកជារដ្ឋបាលមួយប្រកបដោយថាមពលទាំងបុគ្គលិក ទាំងធនធាន ដើម្បីប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនដីរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបខ្ពស់ជាងមុន។ ក្នុងស្មារតីរួមនៃកំណែទម្រង់ដ៏មានសារសំខាន់នេះ និងក្នុងនាមជាអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តនឹងបន្តពង្រឹងការលើកកម្ពស់កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីឱ្យការអនុវត្តន៍តួនាទីភារកិច្ចរបស់ថ្នាក់រដ្ឋបាលទាំងនោះប្រព្រឹត្តទៅស្របតាមច្បាប់ និងវិធានការទាំងឡាយជាធរមានពិសេសការលើកកម្ពស់ ការអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរថែមទៀត។

ឯកឧត្តមអភិបាលខេត្តលើកឡើងទៀតថា ការប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការសាលាខេត្តព្រៃវែងនាពេលនេះគឺជាការបំពេញនូវរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការរបស់រដ្ឋបាលខេត្ត។ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការដែលទើបចូលកាន់មុខតំណែងនាថ្ងៃនេះត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីរាជការក្រោមឱវាទដើម្បីឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ត្រូវមានចក្ខុវិស័យ ទិសដៅ ផែនការសកម្មភាពច្បាស់លាស់លើវិស័យរបស់ខ្លួន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare