
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ឧក្រិដ្ឋជនវៀតណាម ១២នាក់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន
(រាជធានីភ្នំពេញ)៖ ករណីចាប់ជំរិតជនជាតិចិននៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំសហការបង្ក្រាបដោយជោគជ័យជាមួយការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន ១២នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាល់ផ្លាកលេខ។
លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ ថ្ងៃត្រង់កម្លាំងជំនាញបានស្រាវជ្រាវរកឃើញជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ១២នាក់ រួមមាន៖
ទី១.ឈ្មោះ ហឿ ង៉ុកថាម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម
ទី២.ឈ្មោះ ឡាំ ធី ញឺវិន ភេទស្រី អាយុ១៧ឆ្នាំ
ទី៣.ឈ្មោះ ង្វៀង ទ្រីដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
ទី៤.ឈ្មោះ ង្វៀង ហ្វានលឺ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
ទី៥.ឈ្មោះ ហ្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
ទី៦.ឈ្មោះ ហ្វាម វ៉ាន់ទូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
ទី៧.ឈ្មោះ ដាវ ត្រុងហៀវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
ទី៨.ឈ្មោះ ឡ ឌឹកទន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី៩.ឈ្មោះ ង្វៀង យីគឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ទី១០.ឈ្មោះ ង្វៀង វ៉ាន់ហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
ទី១១.ឈ្មោះ ហ្វាម វឹងវៀក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
ទី១២.ឈ្មោះ ងរ វ៉ានជាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ។
សូមជម្រាបថា ករណីចាប់ជំរិតនេះហើយដែលមានឱ្យមានហេតុការណ៍កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផ្ទុះអាវុធផ្លាតចំប្រជាពលរដ្ឋម្នាក់ ដោយកាក់រថយន្តច្រឡំដោយហេតុថា ភិនភាគរថយន្ដបង្កដែលផ្ដល់ដោយសាច់ញាតិរបស់ជនរងគ្រោះស្រដៀងនឹងរថយន្ដរបស់ពលរដ្ឋដែលកំពុងធ្វើដំណើរដឹកអ្នកជំងឺទៅមន្ទីរពេទ្យនៅភ្នំពេញ៕