ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ជាង ២០០នាក់ និងអបអរសាទរដល់សិស្សនិទ្ទេស A ៦នាក់

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បានជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាបដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលក្នុងនោះ សិស្សទទួលបាននិទ្ទេស A មានចំនួន ០៦នាក់។

តាមរបាយការណ៍របស់រដ្ឋបាលក្រុងរុនតាឯកតេជោសែនបង្ហាញថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ក្រុងរុនតាឯកតេជោសែន មានបេក្ខជនចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន២៤៧នាក់មកពីវិទ្យាល័យចំនួន០៣វិទ្យាល័យ។ ក្នុងនោះ សិស្សបានប្រឡងជាប់មានចំនួន ២១៣នាក់ស្មើនឹង ៨៦.២៣ភាគរយ។

ថ្លែងដោយទឹកចិត្តសប្បាយរីករាយ ឯកឧត្ដម សែម រតនា បានកោតសរសើរដល់ សិស្សានុសិស្សក្នុងក្រុងរុនតាឯកតេជោសែន ដែលបានខិតខំសិក្សារហូតបានបញ្ចប់ថ្នាក់ទី១២ ដោយជោគជ័យជាស្ថាពរជាពិសេសសិស្សដែលទទួលបាននិទ្ទេស A ទាំង០៦នាក់។ ដោយឡែក សិស្សដែលពុំប្រឡងជាប់សូមកុំអស់សង្ឃឹម និងត្រូវខិតខំសិក្សាបន្ថែមទៀត ឬបន្តសិក្សាជំនាញបច្ចេកទេសតាមសាលាបណ្តុះបណ្តាលនានារបស់រដ្ឋ និងឯកជនដែលជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈច្បាស់លាស់ដល់យុវជនទាំងអស់ ក្រោយពេលប្រឡងមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្ដម សែម រតនា បញ្ជាក់ថា ចំពោះសិស្សទទួលបាននិទ្ទេស A ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែនដែលលោកបានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ បានសន្យាឧបត្ថម្ភថវិកាចំនួនមួយលានរៀល និងបានបន្ថែមកង់ចំនួន ០១គ្រឿងទៀតដើម្បីជាការលើកទឹកចិត្តក្នុងការបន្តខិតខំរៀនសូត្រ។ ដោយឡែក សិស្សដែលមិនបានទទួលនិទ្ទេស A ឯកឧត្តម បានផ្ដល់ជាថវិកាលើកទឹកចិត្ត ក្នុងម្នាក់ៗចំនួនបួនម៉ឺនរៀលផងដែរ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare