មេ​ឈ្មួញ ណុប ឌី ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញ ពី​ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ណុប ឌី ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មេ​ឈ្មួញ ណុប ឌី នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត យ៉ាង​រលូន​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ណុប ឌី ចំណាយលុយ​ក្នុង​មួយខែៗ​ជាច្រើន​ម៉ឺន​ដុល្លារ​ទើប​អាច​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ ទៅដល់​គោលដៅ​ដោយ​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មេ​ឈ្មួញ ណុប ឌី ប្រមូល​ទិញ​ឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​មេ​ឈ្មួញ ណុប ឌី ប្រមូល​ទិញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​មានដូចជា គ្រញូង ធ្នង់ បេង នាងនួន និង​រាជ​កុល​ជាដើម ហើយ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​យ៉ាង​រលូន​។

មន្ត្រី​ធំៗ ​និង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា​ចាត់ទុក​មេ​ឈ្មួញ ណុប ឌី ជា​ប្រភព​ចំណូល​របស់​ពួកគេ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​រូបនេះ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ណុប ឌី បាន​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​មាន​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ជា​បង្អែក​យ៉ាងរឹងមាំ​ទើប​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់ ហើយ​មានតែ​អ្នក​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ ណុប ឌី ដើម្បី​ផលប្រយោជន៍​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ណុប ឌី តែង​គេច​ផុតពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ ក៏ដូចជា​សមត្ថកិច្ច​ដ​ទៃទៀត រួច​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។