រឿងរ៉ាវចម្លែកៗបាន នឹងកំពុងអង្រួនខេត្តព្រះសីហនុឲ្យ កក្រើកម្តងហើយ ម្តងទៀត ហើយមិនចេះចប់…!

ខេត្តព្រះសីហនុ ៖ រឿងរ៉ាវចម្លែកៗបាននឹងកំពុងអង្រួន ខេត្តព្រះសីហនុ ឲ្យកក្រើកម្តងហើយម្តងទៀត មិនចេះចប់សោះ ជាក់ស្តែង នាដើមសប្តាហ៍កន្លងទៅនេះ នៅចំណុចភូមិ០៥សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ មានផ្ទុះបាតុភាពមួយទៀតកើតឡើង បង្កឲ្យភាគីទាំងសងខាងក្លាយទៅជាជនរងគ្រោះផង ជាដើមបណ្តឹងផង ក្នុងសំណុំរឿងមនុស្សឃាតដោយចេតនា ខណៈពេលចុះអនុវត្តដីការក្សាការពាររបស់ សាលាឧទ្ធរណ៍ដឹកនាំដោយលោក គួន ចន្ថា ចៅក្រមអមសាលាដំបូងខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍ច្របូកច្របល់នេះ បានកើតឡើង ខណៈពេលលោក គួន ចន្ថា ចៅក្រមអមសាលាដំបូងខេត្តព្រះសីហនុ ចុះអនុវត្តន៍ដីការក្សាការពាររបស់សាលាឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ ដែលមានម្ចាស់បំណុលឈ្មោះ ស៊ិន វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ និងកូនបំណុល ឈ្មោះ ឡុង សាខន (ឡុង សុខន) អាយុ៦៧ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញដូចគ្នា នៅលើទីតាំងដី និងលំនៅដ្ឋានរបស់លោក លី ទាស្រេង ដែលបានទិញពីលោកស្រី ឡុង សាខន ក្នុងឆ្នាំ២០០៧ ហើយបានកសាងប័ណ្ណកម្មសិទ្ធិលក្ខណៈប្រព័ន្ធរួចរាល់ហើយ។ ពេលលោកលោក គួន ចន្ថា ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ អានដីការក្សាការពាររបស់សាលាឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ ស្រាប់តែមានគ្រឿចក្រមួយគ្រឿងបានមកកាយកម្ទេចលំនៅដ្ឋានរបស់ លោក លី ទាស្រេង ទាំងកម្មករកំពុងធ្វើការនៅក្នុងផ្ទះកុងតៃន័រ។ ឃើញដូចនោះលោកលី ទាស្រេង ភាគីម្ចាស់ដី បានស្ទុះទៅឃាត់ និងបានយកដបសាំង ដេញគប់គ្រឿងចក្រ និងភាគីលោក ស៊ិន វិសាល ជាម្ចាស់បំណុល ក្នុងសំណុំរឿងកំពុងអនុវត្តន៍។

ទាក់ទិនទៅនឹងបញ្ហានេះ លោក ស៊ិន វិសាល ជាម្ចាស់បំណុល ក្នុងសំណុំរឿងកំពុងអនុវត្តន៍ដីការក្សាការពាររបស់សាលាឧទ្ធរណ៍ បានដាក់ពាក្យបណ្តឹង ទៅលើលោក លី ទាស្រេង ពីបទមនុស្សឃាត ដោយចេតនា ដោយសារបានយកថង់ និងដមសាំងដេញគប់ បំណងសម្លាប់រូបលោកទាំងនៅមុខមន្ត្រីតុលាការ និងសមត្ថកិច្ច។

ផ្ទុយទៅវិញ លោក លីទា ស្រេង ដែលកំពុងស្ថិតក្នុងជាជនជាប់ចោទបានអះអាងថា អ្វីដែលលោក ធ្វើ(យកថង់ និងដបសាំងដុត) ក្នុងបំណងការពារខ្លួន ព្រោះខណៈពេលខ្លួនចូលឃាត់គ្រឿងចក្រ កុំឲ្យវាយកម្ទេចផ្ទះរបស់ខ្លួន គឺមានក្រុមគូកនរបស់ឈ្មោះ ស៊ិន វិសាល បានមករារាំង និងវាយមកលើលោក ទើបយកវិធីនេះមកទប់ទល់។ ប៉ុន្តែលោកក៏បានដាក់ពាក្យបណ្តឹងទៅលោក ស៊ិន វិសាល វិញលើបទល្មើសចំនួន០២ផងដែរ ដោយទី០១ បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ ខណៈពេលទីតាំងដីរបស់គាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបទល្មើសទី០២ អំពីបទមនុស្សឃាតដោយចេតនាមកលើរូបគាត់ និងក្រុមកម្មកររបស់គាត់ ខណៈពេលចុះអនុវត្តន៍ដីការក្សាការពាររវាងឈ្មោះ ស៊ិន វិសាល  និង ឈ្មោះ ឡុង សាខន ដែលផ្ទុយពីខ្លឹមសារដីកា។

ដោយឡែក លោក គួន ចន្ថា ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ ដែលបានដឹកនាំក្រុមការងារចុះអនុវត្តន៍ដីការក្សាការពាររបស់សាលាឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ បានធ្វើការបដិសេធថា  សម្រាប់រូបលោក ពុំបានបញ្ជាឲ្យគ្រឿងចក្រមកវាយកម្ទេចលំនៅដ្ឋានរបស់លោក លី ទាស្រេង នេះទេ គឺលោកត្រឹមតែអានដីការក្សាការពាររបស់សាលាឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ តែប៉ុណ្ណោះ ឯ រឿងអ្វីផ្សេងលោកពុំទទួលខុសត្រូវឡើយ ឯរឿងរ៉ាវផ្សេងៗដែលភាគីទាំងពីរកើតទុក្ខ មិនសុខចិត្តអ្វីអាចប្តឹងទៅស្ថាប័នតុលាការបាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare