រដ្ឋបាលខេត្តប៉ៃលិនចេញសេចក្តីណែនាំស្តីពីការរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៩

ខេត្តប៉ៃលិន ៖ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ៖ ដើម្បីរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី១៩ ឱ្យប្រព្រឹត្តទៅស្របតាមគោលបំណង សំណូមពរនៃអនុក្រឹត្យ សរាចរណ៍ណែនាំ សេចក្តីសម្រេច និង ចូលរួមបដិបត្តិតាមសេចក្តីណែនាំនានា សំដៅកាត់ផ្តាច់និងទប់ស្កាត់ការឆ្លងរាលដាល នៃ«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:» ដែលជាជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ គណ:កម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ខេត្តប៉ៃលិន សូមធ្វើការណែនាំដូចខាងក្រោម ៖
រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស គ្រប់មន្ទីរអង្គភាព គ្រឹះស្ថានរដ្ឋ និងឯកជនជុំវិញខេត្ត អង្គការសង្គមក្រៅរដ្ឋាភិបាល សង្គមស៊ីវិលត្រូវបំផុសមន្រ្តីរាជការ បុគ្គលិក នយោជិត កម្មករ និយោជក យុទ្ធជន និងប្រជាពលរដ្ឋឱ្យយល់ដឹងអំពីទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សានិងបញ្ឈប់ការផ្ទុះអាវុធទូទាំងសកលលោកដោយត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួងសុខាភិបាលគឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្តៅ រក្សាអនាម័យ លាងដៃជាមួយ សាប៊ូ អាល់កុលឬជែលនិងរក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គលនិងត្រូវរៀបចំចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក បំភ្លឺភ្លើងពណ៌ឱ្យបានព្រមគ្នាដើម្បីអបអរសាទរទិវានេះ ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ត្រូវផលិតកម្មវិធីសូត្រកំណាព្យ ប្រគុំតន្រ្តីបុរាណ សម័យ ចាប៉ី អាយ៉ៃឆ្លើយឆ្លង ដែលមានខ្លឹមសារពាក់ព័ន្ធទៅនឹងសន្តិភាព ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍រដ្ឋនិងឯកជន ។ មន្ទីរធម្មការនិងសាសនាខេត្តត្រូវផលិតឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាព ២១ កញ្ញា តាមរយ:ការសូត្រធម៌ សម្តែងធម្មទេសនា ផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ នូវមេត្តាធម៌ ចំពោះមនុស្ស សត្វទូទៅនិងសុំសេចក្តីសុខសន្តិភាពសម្រាប់មនុស្សជាតិនៅលើពិភពលោក ណែនាំគ្រប់វត្តអារាមឱ្យតុបតែងលម្អដោយទង់ជាតិ ។ ចំណែកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបំផុសលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ពន្យល់សិស្ស និស្សិតឱ្យយល់ដឹងពីស្មារតីទិវាសន្តិភាពអន្តរជាតិ ។ ប្រភពបន្តទៀតថា ចំណែកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការតាមតំបន់ប្រតិបត្តិការសឹករងប៉ៃលិនត្រូវការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើការរៀបចំទិវាសន្តិភាពអន្តរជាតិ ធានាបានសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ ៕





WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare