
ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ក៏ដូចជាពុទ្ធបរិស័ទនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដែលមានទីតាំងនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ«គីរីរម្យ» បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានដែលបានផ្តួចផ្តើម និងបានកសាងកន្លែងវិបស្សនាទំនើប និងមានភាពស្រស់ស្អាតជាទីបំផុតហើយសាកសមនឹងកន្លែងដែលអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៃធម៌របស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង។ នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានលើកឡើងថា កន្លែងវិបស្សនាដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះបានបង្ហាញពីគុណធម៌ ដែលឯកឧត្តមបានផ្តល់ជូនមជ្ឈមណ្ឌលគឺបានជំរុញឱ្យចិត្តស្អាត បរិស្ថានស្អាត គឺមានន័យថាបរិស្ថានផ្លូវចិត្តស្អាត ដោយសារការចម្រើនសមាធិនាំឱ្យបរិស្ថាននៅក្រៅស្អាត និងធ្វើឱ្យមានសុខុដុមរមនាក្នុងការចម្រើនព្រះធម៌។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគម្រោងរៀបចំទីតាំងធ្វើសមាធិ និងវិបស្សនារបស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ យោងតាមទស្សនៈ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើងគឺដើម្បីផ្សព្វផ្សាយពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំតាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្តស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះបានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាកតាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិតតាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។
តាមគម្រោងកន្លែងសមាធិនឹងត្រូវសាងសង់ចំនួន ៥០ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ«គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនាដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕