
ឯកឧត្តម ប៉ែន វិបុល៖ កម្មវិធីទស្សនទានព្រះពុទ្ធសាសនាគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់អប់រំផ្លូវចិត្តដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ឱ្យប្រព្រឹត្តតែអំពើជាកុសល
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុនសែន ពាមរក៍ ខេត្តព្រៃវែងបានរៀបចំកម្មវិធីទស្សនទានព្រះពុទ្ធសាសនាលើកទី៦៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
ក្នុងកម្មវិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងប្អូនៗកូនក្មួយសិស្សានុសិស្សប្រមាណជាង៣០៥ ស្រី ១៧៦នាក់នៅសាលធំវិទ្យាល័យ ហ៊ុនសែន ពាមរក៍ខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាលើកឡើងថា កម្មវិធីទស្សនទានព្រះពុទ្ធសាសនានៃក្រសួងធម្មការនិងសាសនាត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រៀបចំដឹកនាំដោយក្រសួងធម្មការ និងសាសនាដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។
ឯកឧត្ដមបន្ថែមថា ដោយឡែកកម្មវិធីទស្សនទានព្រះពុទ្ធសាសនានេះក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងគោលបំណងមាន៖
១. ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម
២.យល់ដឹងពីតម្លៃគុណផលនៃការសិក្សា
៣.ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម
៤.សិស្សានុសិស្សចេះគោរពស្រឡាញ់លោកគ្រូ អ្នកគ្រូ
៥.ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ
៦.ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម
៧.ចៀសផុតពីក្មេងទំនើងក្នុងសង្គម
៨.បង្ការគ្រោះថ្នាក់ចរាចរណ៍៕