
ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯងត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព
បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីមានស្ត្រីម្នាក់ដែលជាមនុស្សវិបល្លាសស្មារតី និងបានសម្រាលកូនដោយខ្លួនឯងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានចាត់មន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង និងបានជួយសង្គ្រោះ និងនាំយកស្ត្រីខាងលើទៅពិនិត្យ និងតាមដានសុខភាពនៅមន្ទីរបង្អែកខេត្តចំណែកទារកបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ និងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីមើលថែទាំទារក។
ដោយឡែកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជាម្ដាយខាងលើត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាបសហការជាមួយស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនទៅរកសេវាថែទាំ និងស្ដារនីតិសម្បទានៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីខេត្តកណ្ដាលរយៈពេលវែង។ ចំណែកទារកត្រូវបានមន្ទីរសង្គមកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើកំណត់ហេតុទុកដាក់កុមារខាងលើបណ្ដោះអាសន្ននៅអង្គការមេត្តាករុណារង់ចាំម្ដាយបានជាសះស្បើយមកទទួលកូនទៅរស់នៅជាមួយវិញ។
សូមជម្រាបថា ស្ត្រីខាងលើនេះជាជនមានស្មារតីវិបល្លាសបានដើរចេញពីផ្ទះដោយគ្មានគោលដៅនៅក្នុងភូមិសាស្ត្រក្រុងសៀមរាបជាង១០ឆ្នាំមកហើយ ដោយកន្លងមកធ្លាប់មានសាច់ញាតិតែងតែនាំយកគាត់ត្រឡប់ទៅផ្ទះវិញជាច្រើនលើកតែគាត់នៅតែលួចដើរចេញពីផ្ទះដោយគ្មានគោលដៅបន្ត។ ដោយឡែក ចំពោះការសម្រាលកូនលើកនេះគឺជាលើកទី៤ហើយដោយកូនទី១.ក្រោមការជួយសម្របសម្រួលពីក្រុមការងារចម្រុះត្រូវបានសាច់ញាតិទទួលយកទារកទៅចិញ្ចឹម និងកូនទី២ និងទី៣ ក៏ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះ និងបានបញ្ជូនទារកឱ្យទៅរស់នៅក្នុងមណ្ឌលមេត្តាករុណាដើម្បីមើលថែទាំ។
ចំពោះការរៀបចំនាំយកទារកឱ្យទៅរស់នៅជាមួយសាច់ញាតិ និងមណ្ឌលមេត្តាករុណាគឺដោយសារស្ត្រីរូបនេះមានស្មារតីវិបល្លាសមិនអាចថែទាំទារកបានហើយមានពេលខ្លះគាត់មានអារម្មណ៍ខឹងសម្បារតែងតែបោកប្រាស់វត្ថុផ្សេងៗរួមទាំងកូនដែលនៅក្នុងដៃរបស់ខ្លួន និយាយជារួមគឺដើម្បីរក្សាសុវត្ថិភាពជូនទារកតែប៉ុណ្ណោះ៕