ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

(ព្រៃវែង)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ នៅទីលានកីឡាបាល់ទះសាលាខេត្តព្រៃវែង។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមានប្រសាសន៍ថា វិស័យកីឡាជាវិស័យមួយកំពុងពេញនិយមដែលរួមចំណែកទាក់ទាញទេសចរណ៍ ជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពជូនប្រជាជនក្នុងខេត្តព្រមទាំងផ្តល់ទស្សនីយ៍ភាពពេលប្រកួតម្តងៗដើម្បីទស្សនាកំសាន្ត និងទាក់ទាញការចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាពរួមចំណែកបញ្ចៀសបាននូវអំពើអវិជ្ជមានផ្សេងៗក្នុងសង្គម។

ឯកឧត្ដមអភិបាលខេត្តបន្តថា “កីឡារស់នៅក្នុងសន្តិភាព” ដែលកំពុងពេញនិយមនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញបរិបូរណ៍ឈរលើមូលដ្ឋានដ៏រឹងមាំនេះហើយយើងបានអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជីវភាព និងការរស់នៅរបស់ពលរដ្ឋកាន់តែរីកចម្រើន និងស៊ីវីល័យ ទំនើបឈានឡើងជាលំដាប់ជាមួយនេះវិស័យកីឡាគឺជាចំណែកមួយនៃជីវិតទំនើបរបស់មនុស្សជឿនលឿន ប្រជាជនយ៉ាងច្រើនលើសលប់បានចូលរួមហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងមិត្តភាព និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលបានរៀបចំនានា។

ឯកឧត្ដមអភិបាលខេត្តបន្ថែមថា ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវិស័យអប់រំកាយ និងកីឡាក៏បានរួមចំណែកយ៉ាងសកម្មក្នុងគោលបំណងឆ្ពោះទៅឱ្យយុវជនចេះស្រឡាញ់ការងារចូលចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និងរួមចំណែកជួយអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលបានជំរុញឱ្យមានបរិស្ថានខ្យល់បរិសុទ្ធ ទីធ្លាបៃតង ទីលាន សម្រាប់ហាត់ប្រាណ និងលេងកីឡាតាមទិសស្លោកក្នុងគោលនយោបាយអប់រំកាយ និងកីឡាបានកំណត់ “យុវជនម្នាក់ត្រូវមានជំនាញកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត” ។

ក្នុងនោះលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងបានលើកឡើងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ មានគោលបំណង
ទី១ ជំរុញឱ្យប្អូនៗសិស្សានុសិស្ស អនុវត្តសកម្មភាពអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាដោយសកម្ម
ទី២ ជំរុញសហការ សាមគ្គីភាព មិត្តភាពវាស់ស្ទង់សមត្ថភាព និងដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីគ្នាទៅវិញទៅមក
ទី៣ ជ្រើសរើសកីឡាករ កីឡាការិនីដែលមានសមត្ថភាព និងទេពកោសល្យចូលរួមប្រកួតថ្នាក់ជាតិ។ ប្រភេទកីឡាក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៤-២០២៥ នេះមាន បាល់ទាត់បុរស-នារី បាល់ទះបុរស-នារី ប៉េតង់បុរស-នារី និងអត្តពលកម្មបុរស-នារីសរុបមានចំនួនកីឡាករកីឡាការិនីចំនួន ១០២ ក្រុម ដែលមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីសរុបចំនួន ១១៧៤នាក់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare