
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើនក្នុងវត្តគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់ និងបណ្ណាល័យចំនួន០១ ព្រមទាំងសមិទ្ធផលនានាជាច្រើនក្នុងវត្តគងជ័យបារមីមានឫទ្ធិ ស្ថិតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្ពូងឃ្មុំ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុង ស្រុក និងខេត្តត្បូងឃ្មុំទាំងមូល ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ច។ ក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងទទួលបានពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសមិទ្ធផលកើតឡើងជាច្រើនដូចក្នុងពេលនេះសមិទ្ធផលក្នុងវិស័យសាសនាក៏ដូចជាសង្គមជាតិមួយបន្ថែមទៀតបានលេចជារូបរាងនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឱ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត បន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងជំរុញឱ្យមូលដ្ឋានមានភាពស្អាត មានសកម្មភាពប្រមូល ទុកដាក់សំរាម សំណល់ប្លាស្ទិកតាមមូលដ្ឋាន តាមផ្លូវ ស្អាតជាបណ្តើរៗដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើងជាពិសេសដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឱ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ។ ស្រុកអូររាំងឪដូចគ្នាពិតជាបានបោះជំហានយ៉ាងលឿនធ្វើឱ្យប្រជាពលរដ្ឋយើងរស់នៅមានជីវភាពធូរធារ និងមានលទ្ធភាពក្នុងការចូលរួមសាមគ្គីកសាងនូវសមិទ្ធផលនានាតាមទីវត្តអារាមធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជាលំដាប់ពោលគឺរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមការងារចុះមូលដ្ឋានបានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់។ ហើយនៅក្នុងពេលខាងមុខ ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានការគាំទ្របន្ថែមទៀតទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រឱ្យមានការអភិវឌ្ឍន៍រីកចម្រើនព្រមជាមួយគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បាននាំយកបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃ និងបានផ្តល់ជូនសម្ភារៈប្រើប្រាស់ និងថវិកាដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យដែលចូលរួមនាឱកាសនោះផងដែរ៕