
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរំលឹកកុមារកុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម
ពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែងនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋជាពិសេសគឺកុមារដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់បង្កឱ្យកើតជំងឺទឹកនោមផ្អែមនាពេលអនាគត។
ឯកឧត្តម អភិសន្តិបណ្ឌិតបានកត់សម្គាល់ឃើញកុមារភាគច្រើនអាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ដោយសារពួកគេចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម ១២ឆ្នាំទាំងអស់ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុករសជាតិផ្អែមដូចពេលបច្ចុប្បន្ននេះទេ នៅពេលពួកគេឈានឡើងដល់អាយុចន្លោះពី ២២ ដល់ ២៥ឆ្នាំស្មើនឹង ១ភាគ ៣ អាចមានហានិភ័យខ្ពស់ក្លាយជាអ្នកជំងឺទឹកនោមផ្អែមដែលមានលក្ខណៈយូរអង្វែងដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានក្រើនរំលឹកដល់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសនាយកសាលា នាយិកាដែលជាគណៈគ្រប់គ្រងឱ្យជួយអប់រំណែនាំពីប៉ះពាល់ទឹកផ្អែមដល់កុមារក្នុងម៉ោងសិក្សាស្របតាមវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងទៅដើម្បីឱ្យកុមារមានការយល់ដឹងចៀសវាងក្លាយជាអ្នកជំងឺទឹកនោមផ្អែម។
ក្រៅពីសារក្រើនរំលឹកខាងលើ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំសារជាថ្មីដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងគោរពច្បាប់ចរាចរណ៍ដើម្បីធានាសន្តិសុខ សុវត្ថិភាព ផ្តល់សេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្តរៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីធានាលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕