ខេត្តកំពង់ចាមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅស្រុកកងមាស

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្ថិតនៅវត្តសោភ័ណ្ឌមុន្យារាម(ហៅវត្តកោះតាញ៉ា) ឃុំសូគង ស្រុកកងមាស។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាមផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។

ឯកឧត្តមអភិបាលខេត្តបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទគឺជាបរិបទសាកលដែលនៅតែបន្តកើតមានអាស្រ័យកត្តាបីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេតែក៏មានបាតុភាពមួយចំនួនទៀតដូចជាអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនក្រោមរូបភាពអំពើជួលពពោះជំនួសជាដើមដែលនេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗឱ្យបានទាន់ពេលវេលា។

បើតាមរបាយការណ៍ដែលអានដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះគណៈកម្មាធិការខេត្តដែលមានក្រុមការងារជំនាញទាំង៦ រឹតតែបង្កើនសកម្មភាពការងារកាន់តែខ្លាំងក្លាឡើងថែមទៀតដើម្បីរួមគ្នាសម្រេចតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្នុងការបង្ក្រាប និងទប់ស្កាត់អំពើ ជួញដូរមនុស្សនៅទូទាំងប្រទេសជាក់ស្តែងគណៈកម្មាធិការខេត្តកំពង់ចាមបានធ្វើសកម្មភាពជាច្រើនដូចជា៖ ការគ្រប់គ្រងស្ថិតិ បច្ចុប្បន្នភាពចំណាកស្រុកទៅក្រៅប្រទេស, ការងារអប់រំ និងផ្សព្វផ្សាយ , ការបង្ការ ទប់ស្កាត់ តាមវិធានការជំនាញ , កិច្ចការពារជនរងគ្រោះ ការផ្តល់សេវាគាំទ្រ, និងការងារបណ្តុះបណ្តាលផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare