ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារលិខិតអបអរសាទរគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្រ្តីរាជការទាំងអស់សូមគោរពសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ការទទួលបាន «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» នេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេងប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពលបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអនុវត្តតាមស្មារតីបុរេសកម្ម និងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និងការបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសន្តិភាព ស្ថិរភាពនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់ដំណាក់កាលទាំងអស់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបានពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕